អតិផរណារបស់ឡាវ នៅតែបន្តកើនឡើងខ្ពស់ ក្នុងខែមករា ជាកំណត់ត្រាអាក្រក់បំផុតរយ:ពេល ២៣ ឆ្នាំ

អន្តរជាតិ

យោងតាមការិយាល័យស្ថិតិ ដែលស្ថិតនៅក្រោមក្រសួងផែនការ និងវិនិយោគឡាវ ថ្មីៗនេះ បានបង្ហាញថាអត្រាអតិផរណា នៅក្នុងប្រទេសរបស់ខ្លួន បានកើនឡើងរហូតដល់ ៤០,៣% នៅក្នុងខែមករា ឆ្នាំ ២០២៣ នេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន រយ:ពេល ២៣ ឆ្នាំចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានឱ្យដឹងទៀតថា ការធ្លាក់ចុះនៃតម្លៃប្រាក់គីបរបស់ឡាវ ធៀបទៅនឹងប្រាក់ដុល្លារ និងការកើនឡើងខ្ពស់នៃតម្លៃប្រេង ឧស្ម័ន និងទំនិញនាំចូលផ្សេងទៀត គឺជាកត្តាចម្បង ដែលជំរុញឱ្យប្រទេសនេះ រងនូវវិបត្តិអតិផរណាខ្ពស់ ។

គួរឱ្យដឹងថា ការកើនឡើងនៃតម្លៃប្រេងឥន្ធន: បានជំរុញឱ្យថ្លៃដើមនៃផលិតកម្មនៅក្នុងប្រទេសឡាវ បានកើនឡើង ដោយសារតែប្រទេសនេះ ត្រូវបង្ខំចិត្តនាំចូលគ្រឿងចក្រ ចំណីសត្វ និងជីកសិកម្ម នៅក្នុងតម្លៃកាន់តែខ្ពស់ ។

ទន្ទឹមនឹងនេះ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ឡាវ ក៏បានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំមុនមក ដោយអតិផរណានៅខែឧសភាឆ្នាំ ២០២២ ត្រូវបានកត់ត្រានៅកម្រិត ១២,៨១% មុនពេលកើនឡើងដល់ ២៣,៦១% នៅក្នុងខែមិថុនា និងបន្តកើនឡើងដល់ ២៥,៦២% ក្នុងខែកក្កដា។

ដោយឡែកនៅក្នុងខែសីហា ឆ្នាំ ២០២២ អតិផរណារបស់ឡាវ បានបន្តកើនឡើងដល់ ៣០,០១% , ខែកញ្ញា កើនឡើង ៣៤,០៥% , ខែតុលា កើនឡើង ៣៦,៧៥% , ខែវិច្ឆិកា កើនឡើង ៣៨,៤៦% និងខែធ្នូ កើនឡើងដល់ ៣៩,២៧% ។

សរុបជារួមមក អត្រាអតិផរណាជាមធ្យមរបស់ប្រទេសឡាវ ក្នុងឆ្នាំ ២០២២ ទាំងមូល បានកើនឡើងដល់ ២៣% ពោលគឺបានកើនឡើងយ៉ាងខ្លាំង ពីកម្រិត ៣,៨% នៅក្នុងឆ្នាំ ២០២១ ។

យ៉ាងណាមិញ ដើម្បីជាការឆ្លើយតបទៅនឹងអតិផរណាដែលបានកើនឡើងដ៏ខ្ពស់បែបនេះ រដ្ឋាភិបាលឡាវ បានសម្រេចដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធ្វើការគ្រប់គ្រង ចំពោះការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណរបស់ជាតិ រួមទាំងការដំឡើងអត្រាការប្រាក់ និងការប្រើប្រាក់ទុនបម្រុងប្តូរប្រាក់បរទេស ដើម្បីនាំចូលទំនិញសំខាន់ៗ និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះអត្រាប្តូរប្រាក់ផងដែរ ៕