ការនាំចេញទំនិញរបស់ចិនទៅអាមេរិកបានកើនឡើងច្រើនជាលើកដំបូង ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ

អន្តរជាតិ

កាលពីខែមុន ការនាំចេញទំនិញរបស់ប្រទេសចិន ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៣៥,៤% ដែលជាសញ្ញានៃការងើបឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំង នៅឆ្នាំ២០២៥ ដោយសារតែពន្ធគយខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៩ ខែមិថុនា រដ្ឋបាលគយទូទៅរបស់ចិន បានប្រកាសថា ការនាំចេញសរុបនៅខែឧសភា បានកើនឡើង ១៩,៤% និងការនាំចូលកើនឡើងជាង ២៧% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ការនាំចេញបានកើនឡើង ៣៥,៤% កាលពីខែមុន ដែលនេះជាអត្រាខ្ពស់បំផុត គិតចាប់តាំងពីខែមីនា ឆ្នាំ២០២១ មក។នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Wind Information។ ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅតែងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយសារតែសម្ពាធពន្ធគយនាំចូលខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

យ៉ាងណាមិញ​ ជុំវិញការកើនឡើងនេះ អ្នកជំនាញជឿជាក់ថា ការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មកកាន់ប្រទេសចិននៅពាក់កណ្តាលខែឧសភា អាចកាត់បន្ថយភាពមិនប្រាកដប្រជាសម្រាប់ការនាំចេញរបស់ទីក្រុងប៉េកាំង ក៏ដូចជាសម្រាប់អាជីវកម្មអាមេរិកផងដែរ។

គួរជម្រាបជូនផងដែរថា ពន្ធនាំចូលរបស់សហរដ្ឋអាមេរិកលើទំនិញចិនបច្ចុប្បន្នស្ថិតក្នុងអត្រាទូទៅ ១០% បន្ទាប់ពីតុលាការកំពូលបានបដិសេធពន្ធដែលប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) នៅចុងខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ ពន្ធដែលដាក់ក្រោមបទប្បញ្ញត្តិផ្សេងទៀតលើវិស័យជាក់លាក់ដូចជា អាលុយមីញ៉ូម ដែកថែប និងរថយន្តនៅតែមិនផ្លាស់ប្តូរនៅចន្លោះពី ១០-៥០%៕​