អាមេរិក អនុញ្ញាតឲ្យអ៊ីរ៉ង់លក់ប្រេងគិតជាប្រាក់ដុល្លារអាមេរិកបានជាលើកដំបូងបំផុត

អន្តរជាតិ

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបើកផ្លូវឲ្យទីក្រុងតេអេរ៉ង់ លក់ប្រេងគិតជាប្រាក់ដុល្លារអាមេរិក រួមទាំងអ្នកទិញចូលនៅសហរដ្ឋអាមេរិក ដែលជាការសម្រេចចិត្តដ៏កម្រ និងជាលើកដំបូងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សកន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃទី២២ ខែមិថុនា អំពីការលើកលែងទាំងស្រុងនូវទណ្ឌកម្មដ៏យូរអង្វែងលើពាណិជ្ជកម្មប្រេងរបស់អ៊ីរ៉ង់។ នេះមានន័យថា អ៊ីរ៉ង់នឹងត្រូវបានអនុញ្ញាតឱ្យផលិត លក់ និងដឹកជញ្ជូនប្រេងឆៅ ផលិតផលប្រេងកាត និងសារធាតុគីមីបានរហូតដល់ថ្ងៃទី២១ ខែសីហា ខណៈពេលដែលការចរចាសន្តិភាពនៅតែបន្ត។

គួរឲ្យដឹងផងដែរថា ការសម្រេចចិត្តនេះក៏អនុញ្ញាតឱ្យអតិថិជនបង់ប្រាក់ឱ្យអ៊ីរ៉ង់សម្រាប់ការទិញប្រេងជាប្រាក់ដុល្លារអាមេរិកផងដែរ និងបើកផ្លូវឱ្យប្រេងឆៅ និងផលិតផលគីមីឥន្ធនៈរបស់អ៊ីរ៉ង់ ត្រូវបាននាំចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ជាលទ្ធផល ធនាគារអ៊ីរ៉ង់អាចទទួលបានការទូទាត់ដោយផ្ទាល់ពីបរទេស ដែលធ្វើឱ្យវាកាន់តែមានភាពងាយស្រួលសម្រាប់ទីក្រុងតេអេរ៉ង់ ក្នុងការបញ្ជូនប្រាក់ចំណូលប្រេងត្រឡប់ទៅវិញ និងកាត់បន្ថយការខាតបង់នៅពេលប្តូររូបិយប័ណ្ណបរទេសរបស់ខ្លួន។

ជម្រាបជូនថា នៅក្នុងការអនុវត្តចុងក្រោយនេះមានន័យថា ការរឹតបន្តឹងសំខាន់ៗលើវិស័យថាមពលរបស់អ៊ីរ៉ង់ ត្រូវបានលើកលែងជាបណ្តោះអសន្ន បន្ទាប់ពីសហរដ្ឋអាមេរិកបានរក្សាការដាក់ទណ្ឌកម្មទាំងដោយផ្ទាល់ និងបន្ទាប់បន្សំលើអ៊ីរ៉ង់អស់រយៈពេលជាច្រើនទសវត្សមកហើយ៕​