គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាផ្ទួនៗនៅវេណេស៊ុយអេឡា សម្លាប់មនុស្សយ៉ាងហោចណាស់ ១ ០០០ នាក់

អន្តរជាតិ

គ្រោះររញ្ជួយដីដ៏កាចសាហាវដែលកើតឡើងផ្ទួនៗមានកម្លាំងខ្លាំងជាង ៧ រ៉ិចទ័រ នៅវេណេស៊ុយអេឡា ទំនងជាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១ ០០០ នាក់ និងបណ្តាលឲ្យអគារដួលរលំនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាចំនួនពីរលើក ដែលមានកម្លាំង ៧.២ និង ៧.៥ រ៉ិចទ័រ ចេញពីក្រោមដីជម្រៅប្រមាណ ២០ គីឡូម៉ែត្រ បានវាយប្រហារតិចជាងមួយនាទីពីគ្នានៅជិតតំបន់ឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសវេណេស៊ុយអេឡា ដែលបណ្តាលឱ្យអគាររាប់សិបខ្នងដួលរលំ នៅក្នុងរដ្ឋធានីការ៉ាកាស។

ទីភ្នាក់ងារស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានចេញការព្រមានពណ៌ក្រហមតាមរយៈប្រព័ន្ធត្រួតពិនិត្យការរញ្ជួយដី PAGER របស់ខ្លួន ដោយប៉ាន់ប្រមាណថាការរញ្ជួយដីកើតឡើងផ្ទួនៗគ្នានេះ អាចសម្លាប់មនុស្សយ៉ាងហោចណាស់ ១ ០០០ នាក់។

ទីភ្នាក់ងារ USGS បាននិយាយទៀតថា មានការព្រមានពណ៌ក្រហមសម្រាប់ការខូចខាតសេដ្ឋកិច្ច និងការបាត់បង់ជីវិតមនុស្ស។ វាមានលទ្ធភាពខ្ពស់នៃការស្លាប់ និងការខូចខាតយ៉ាងទូលំទូលាយ ហើយគ្រោះមហន្តរាយអាចបន្តរីករាលដាលបន្ថែមទៀត។

ទីភ្នាក់ងារដដែលនេះបាននិយាយផងដែរថា មនុស្សភាគច្រើននៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំង គឺរស់នៅក្នុងផ្ទះឥដ្ឋដែលមិនរឹងមាំ ឬផ្ទះដែលសាងសង់ពីដីឥដ្ឋ ដែលងាយនឹងដួលរលំក្នុងពេលមានរញ្ជួយដី។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះមិនមានព័ត៌មានបឋមអំពីអ្នកស្លាប់ និងរបួសពីការរញ្ជួយដីពីរដងនេះនៅឡើយនោះទេ ដោយសារការរញ្ជួយដីបានកើតឡើងនៅពេលល្ងាច (ម៉ោងនៅក្នុងប្រទេស)។ ក្រសួងព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសវេណេស៊ុយអេឡាបាននិយាយថា ការរញ្ជួយដីបានប៉ះពាល់ដល់រដ្ឋជាច្រើន រួមទាំង Yaracuy, Lara, Merida, Aragua, Carabobo, La Guaira និង Miranda ក៏ដូចជារដ្ឋធានីរបស់ប្រទេសផងដែរ។

ជម្រាបជូនថា បច្ចុប្បន្ននេះ ប្រទេសវេណេស៊ុយអេឡាបានប្រកាសថា ខ្លួនបានដាក់ពង្រាយកងកម្លាំងសន្តិសុខទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាសន្ន ដោយសាររចនាសម្ព័ន្ធជាច្រើនកំពុងប្រឈមនឹងហានិភ័យនៃការដួលរលំបន្តទៀត៕​