សហរដ្ឋអាមេរិក ចាប់ផ្តើមហាមឃាត់ការនាំចូលទំនិញបច្ចេកវិទ្យារបស់ចិនបន្ថែមទៀត

អន្តរជាតិ

គណៈកម្មការទំនាក់ទំនងសហព័ន្ធសហរដ្ឋអាមេរិក (FCC) កាលពេលថ្មីៗនេះ បាននិយាយថា ខ្លួននឹងហាមឃាត់ការនាំចូលឧបករណ៍បន្ថែមទៀតពីក្រុមក្រុមហ៊ុនផលិតនៅចិន ដែលជាវិធានការចុងក្រោយបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្ក្រាបឧបករណ៍អេឡិចត្រូនិកដែលបង្កហានិភ័យដល់សន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញវិធានការចុងក្រោយនេះ ត្រូវបានធ្វើឡើង ក្រោមច្បាប់ដែលមានស្រាប់របស់ FCC ដែលបានដាក់ចេញក្នុងឆ្នាំ២០២២ លើម៉ូដែលថ្មីនៃឧបករណ៍ទូរគមនាគមន៍ និងកាមេរ៉ាសុវត្ថិភាពដែលផលិតដោយក្រុមហ៊ុន Huawei, ZTE, Hytera, Hikvision និង Dahua ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ការហាមឃាត់ចុងក្រោយនេះ ត្រូវបានរួមបញ្ចូលទាំងម៉ូដែលចាស់ៗ ផងដែរ មិនមែនគ្រាន់តែម៉ូដែលដែលត្រូវបានផលិតឡើងចាប់ពីចុងឆ្នាំ២០២២ នោះទេ។ ការបន្ថែមការហាមឃាត់នេះ ត្រូវបានគេរំពឹងថានឹងចូលជាធរមានៅខែកក្កដាខាងមុខ។

គួរជម្រាបជូនផងដែរថា ការពីចុងឆ្នាំមុន FCC ក៏បានហាមឃាត់ការនាំចូលដ្រូនចំពោះម៉ូដែលថ្មីៗទាំងអស់ពីប្រទេសចិន ខណៈកាលពីខែមីនា ស្ថាប័ននេះ បានបន្តហាមឃាត់ការនាំចូលម៉ូដែលថ្មីៗនៃរ៉ោតទ័រដែលផលិតនៅចិន ដែលត្រូវបានប្រើសម្រាប់ភ្ជាប់កុំព្យូទ័រ ទូរស័ព្ទ និងឧបករណ៍ឆ្លាតវៃ ទៅអ៊ីនធឺណិត ផងដែរ៕​