តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះគិតនៅត្រឹមថ្ងៃទី៣០ មិថុនា ដោយសារតែវិនិយោគិនកំពុងសម្លឹងមើលឃើញលទ្ធភាពនៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលអាចធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតា ចំពេលមានភាពតានតឹងឡើងវិញរវាងភាគីទាំងពីរ នៅពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងប្រភេទ Brent បានធ្លាក់ចុះប្រមាណ ១,០៣% ឬ ៧៥សេន មកនៅត្រឹម ៧២,៤០ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ០,៦៦% ឬ ៤៧សេន មកនៅត្រឹម ៧០,៣២ដុល្លារក្នុងមួយបារ៉ែល។
ជុំវិញការធ្លាក់ចុះនេះ លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារប្រចាំនៅ KCM Trade បាននិយាយថា វិនិយោគិនកំពុងកំណត់តម្លៃដោយសង្ឃឹមថានឹងទទួលបានលទ្ធផលវិជ្ជមានពីកិច្ចចរចានៅទីក្រុងដូហា ទោះបីជាការធ្វើឱ្យលំហូរឆ្លងកាត់ច្រកសមុទ្រ Hormuz មានលក្ខណៈធម្មតាឡើងវិញ នៅតែមិនទាន់អាចមើលឃើញក៏ដោយ។
គួរជម្រាបជូនផងដែរថា ភាពមិនប្រាកដប្រជាអំពីថាតើភាគីទាំងពីរនឹងជួបគ្នាឬអត់នេះ ហាក់បានបង្ហាញពីភាពផុយស្រួយនៃកិច្ចព្រមព្រៀងដែលត្រូវបានចុះកាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីផ្អាកការប្រយុទ្ធគ្នា ដែលបានរំខានដល់លំហូរប្រេងសកលតាមរយៈច្រកសមុទ្រ Hormuz និងបានបង្កបញ្ហាប្រឈមនយោបាយសម្រាប់លោក ត្រាំ មុនពេលមានការបោះឆ្នោតសភានៅខែវិច្ឆិកាខាងមុខ៕

