ប្រធានធនាគារកណ្តាល Fed ទទួលស្គាល់ថាអតិផរណានៅអាមេរិកមានកម្រិតខ្ពស់ខ្លាំង

អន្តរជាតិ

លោក Kevin Warsh ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីអតិផរណា ហើយបានសន្យាថានឹងធ្វើឲ្យតម្លៃរស់នៅនៅសហរដ្ឋអាមេរិកត្រលប់មករកស្ថិរភាពវិញ បន្ទាប់ពីបានកើនឡើងលើសពីគោលដៅ អស់រយៈពេលជាច្រើនឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១ ខែកក្កដា នៅឯវេទិកាធនាគារកណ្តាលរបស់ ECB នៅប្រទេសព័រទុយហ្គាល់ លោក Kevin Warsh ប្រធានធនាគារកណ្តាល Fed បានបដិសេធមិនផ្តល់ការចង្អុលបង្ហាញណាមួយអំពីការសម្រេចចិត្តលើអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំខែនេះ នៅឡើយនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់លើការព្រួយបារម្ភអំពីកម្រិតអតិផរណាដ៏ខ្ពស់របស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ លោក Warsh បានថ្លែងថា៖”បើយើងក្រឡេងមើលជុំវិញ យើងពិតជាបានមើលឃើញថាតម្លៃនៃការរស់នៅកំពុងមានការកើនឡើងយ៉ាងខ្លាំង។ ប្រសិនបើគ្រួសារ អាជីវកម្ម ឬវិនិយោគិនជឿថាធនាគារកណ្តាលសហរដ្ឋអាមេរិកកំពុងតែបន្តទទួលយកអតិផរណាដែលមានកម្រិតលើសពី ២% នោះច្បាស់ណាស់ពួកគេនឹងខកចិត្ត។ យើងសន្យាថានឹងនាំតម្លៃនៅសហរដ្ឋអាមេរិកឱ្យវិលមករកស្ថិរភាពវិញ”។

គួរជម្រាបជូនថា សន្ទស្សន៍ចំណាយប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិកបានកើនឡើង ៤,១% នៅក្នុងខែឧសភា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំចុងក្រោយ។ កម្រិត PCE នេះគឺជារង្វាស់អតិផរណាដែលធនាគារកណ្តាលសហរដ្ឋអាមេរិកតែងប្រើប្រាស់។ ហើយ អស់រយៈពេលជាងប្រាំឆ្នាំមកហើយ អតិផរណារបស់សហរដ្ឋអាមេរិកមិនទាន់បានវិលត្រឡប់ទៅរកកម្រិតគោលដៅ ២% របស់ខ្លួនវិញ នៅឡើយទេ៕​