មហាសេដ្ឋីឌុយបៃម្នាក់ ទិញឡាន ៥៩ គ្រឿងចែកជូនក្រុមជម្រើសជាតិអេហ្ស៊ីប ក្រោយឡើងដល់វគ្គជ្រៅនៅ World Cup

អន្តរជាតិ

មហាសេដ្ឋីអារ៉ាប់រួម លោក Khalaf Al Habtoor កំពុងផ្តល់រថយន្ត SUV ថ្មីៗចំនួន ៥៩ គ្រឿងដល់ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប និងក្រុមបុគ្គលិក បន្ទាប់ពីប្រទេសនេះបានឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The National។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការផ្តល់ជូនរង្វាន់នេះ គឺសម្រាប់គណៈប្រតិភូទាំងមូលរបស់ក្រុមជម្រើសជាតិអេហ្ស៊ីប ចំនួន ៥៩ នាក់ រួមទាំងកីឡាករ គ្រូបង្វឹក និងបុគ្គលិកបច្ចេកទេស ផ្នែករដ្ឋបាល និងផ្នែកវេជ្ជសាស្ត្រ ផងដែរ។

យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន Al Habtoor Group របស់មហាសេដ្ឋីឌុយបៃលោក Khalaf Al Habtoor បានប្រាប់សារព័ត៌មាន The National ថា រថយន្ត Mitsubishi Eclipse Cross crossovers កំពុងត្រូវបានរៀបចំសម្រាប់ការដឹកជញ្ជូន និងប្រគល់ទៅឲ្យសមាគមបាល់ទាត់អេហ្ស៊ីប។

គួរឲ្យដឹងថា រថយន្ត Mitsubishi Eclipse Cross នីមួយៗលក់រាយនៅអារ៉ាប់រួមក្នុងតម្លៃប្រហែល ១០៧ ០០០ ឌីរ៉ាម ឬស្មើនឹងប្រមាណ ២៩ ០០០ដុល្លារ ដែលធ្វើឱ្យតម្លៃសរុបនៃអំណោយនេះមានចំនួនជិត ១,៧លានដុល្លារ។

លោក Al Habtoor បានសរសេរនៅលើប​ណ្តាញសង្គម X បន្ទាប់ពីក្រុមអេហ្ស៊ីបបានចាញ់ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ដោយលទ្ធផល ៣-២ បន្ទាប់ពីបាននាំមុខមុន ២-០ សម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ នៅថ្ងៃទី៧ ខែកក្កដាថា ៖” លទ្ធផលដ៏អស្ចារ្យរបស់អេហ្ស៊ីបនៅថ្ងៃនេះ គឺជាសេចក្តីរីករាយរបស់ប្រជាជនអារ៉ាប់គ្រប់រូប” ។

ជម្រាបជូនថា ក្រុមអេហ្ស៊ីបបានឡើងដល់វគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ជាលើកដំបូង ដោយស្មើជាមួយក្រុមបែលហ្ស៊ិក និងអ៊ីរ៉ង់ និងយកឈ្នះក្រុមនូវែលសេឡង់ក្នុងវគ្គចែកពូល មុនពេលយកឈ្នះអូស្ត្រាលីដោយការទាត់បាល់ប៉េណាល់ទីក្នុងវគ្គជម្រុះ ដើម្បីឡើងទៅវគ្គ១៦ ក្រុមចុងក្រោយ៕