អាមេរិក ព្រមានដំឡើងពន្ធនាំចូលលើកាណាដា ដោយសារតែផ្សែងពីភ្លើងឆេះព្រៃ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធនាំចូលលើប្រទេសកាណាដា ពីព្រោះតែផ្សែងពីភ្លើងឆេះព្រៃនៅក្នុងប្រទេសនេះដែលកំពុងបណ្តាលឲ្យគុណភាពខ្យល់នៅសហរដ្ឋអាមេរិកធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានបង្ហោះសារមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social កាលពីថ្ងៃទី១៨ ខែកក្កដាថា ៖”ការខូចខាតគឺមិនអាចវាស់វែងបាន។ នេះគឺជាការធ្វេសប្រហែសដោយចេតនា ហើយកំពុងក្លាយជារឿងដដែលៗកើតឡើងជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យអាមេរិកខាតបង់រាប់ពាន់លានដុល្លារ។ ថ្លៃដើមនៃការបំពុលត្រូវតែបន្ថែមទៅក្នុងពន្ធដែលប្រទេសកាណាដាកំពុងបង់”។

គួរឲ្យដឹងផងដែរថា លោក ត្រាំ បានប្រើប្រាស់ពន្ធគយជាយូរមកហើយដើម្បីជាឧបករណ៍នៃការដាក់សម្ពាធក្នុងជម្លោះជាមួយប្រទេសដទៃទៀត បើទោះបីជាការចំណាយត្រូវបានទទួលដោយអាជីវកម្ម និងអ្នកប្រើប្រាស់អាមេរិកក៏ដោយ។

មិនតែប៉ុណ្ណោះ មេដឹកនាំអាមេរិករូបនេះ ក៏បាននិយាយផងដែរថា លោកនឹងទូរស័ព្ទទៅនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ដើម្បីសួរថា “តើពួកគេមានគម្រោងឆ្លើយតបទៅនឹងបញ្ហានេះយ៉ាងដូចម្តេច”។

តំបន់ជាច្រើននៅក្នុងប្រទេសកាណាដាកំពុងជួបប្រទះនឹងភ្លើងឆេះព្រៃជាបន្តបន្ទាប់ដោយសារតែអាកាសធាតុក្តៅ។ មជ្ឈមណ្ឌលបង្ការអគ្គីភ័យអន្តរស្ថាប័នកាណាដា (CIFFC) បានរាយការណ៍ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ប្រទេសនេះបានកត់ត្រាភ្លើងឆេះព្រៃចំនួន ៨៩៧ ករណី ដែលក្នុងនោះជិត ១០០ ករណីស្ថិតក្រោមការគ្រប់គ្រងរួចហើយ។

ជម្រាបជូនថា ផ្សែងពីភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដា និងរដ្ឋមីនីសូតា សហរដ្ឋអាមេរិក បានរីករាលដាល គ្របដណ្តប់លើទីក្រុងធំៗដូចជា Minneapolis, Chicago, Detroit, Cleveland, Pittsburgh, Philadelphia និង New York និងថែមទាំងឆ្លងកាត់មហាសមុទ្រអាត្លង់ទិកទៀតផង៕​