តម្លៃប្រេងឆៅប្រភេទ Brent កំពុងកើនឡើងយ៉ាងខ្លាំងដោយឈានជិតដល់ ៤% ដោយសារតែហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ដែលបានកើតឡើងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គិតនៅត្រឹមរសៀលថ្ងៃទី២៣ ខែកក្កដា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៣,៨% ដល់ ៩៧,៧ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីដើមខែមិថុនាមក។ ទន្ទឹមនឹងនេះ ប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក ក៏បានកើនឡើង ៣% ដល់ ៨៩,៤ដុល្លារផងដែរ។
យ៉ាងណាមិញតម្លៃប្រេងឆៅពិភពលោកបានកើនឡើងសម្រាប់វគ្គជួញដូរលើកទីប្រាំជាប់ៗគ្នា ដែលជំរុញដោយការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ខណៈពេលដែលកងកម្លាំង Houthi បានបន្តវាយប្រហារនាវានៅក្នុងសមុទ្រក្រហម ហើយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបន្តការវាយប្រហារគ្នាទៅវិញទៅមក ដែលធ្វើឱ្យច្រកសមុទ្រ Hormuz ស្ទើរតែបិទទាំងស្រុង។
គួរជម្រាបជូនថា ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងម្តងទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ សហរដ្ឋអាមេរិករហូតមកដល់ពេលនេះបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់អស់រយៈពេល ១២យប់ជាប់ៗគ្នាមកហើយ ខណៈអ៊ីរ៉ង់បានសងសឹកវិញដោយការវាយប្រហារទីតាំងយោធាអាមេរិកនៅក្នុងតំបន់៕

