ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះ បានបង្ហាញពីផ្លូវហាយវេមួយខ្សែប្រវែង ១ ០៥៥ គីឡូម៉ែត្រ សាងសង់ឡើងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ដែលតភ្ជាប់ពីតំបន់អាហ្វ្រិកខាងលិច ទៅអឺរ៉ុប និងត្រូវបានដាក់តាមឈ្មោះរបស់លោក ដោយព្រះអង្គម្ចាស់របស់ប្រទេសម៉ារ៉ុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

លោក ត្រាំ បានសរសេរនៅក្នុងសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា៖”សូមអរគុណ ព្រះមហាក្សត្រ Mohammed ទី៦ នៃប្រទេសម៉ារ៉ុក។ វាជាកិត្តិយសដ៏អស្ចារ្យមួយ។ខ្ញុំទន្ទឹងរង់ចាំថ្ងៃណាមួយអាចបានបើកបរតាមបណ្តោយផ្លូវហាយវេដ៏អស្ចារ្យនេះ”។
យ៉ាងណាមិញ ជុំវិញសារខាងលើនេះ ក៏អមដោយវីដេអូមួយ ដែលបង្ហាញពីទេសភាពវាលខ្សាច់ដ៏ធំទូលាយ និងផ្នែកមួយនៃផ្លូវហាយវេតម្លៃរាប់ពាន់លានដុល្លារដែលតភ្ជាប់ពីទីក្រុង Dakhla និង Tiznit ដោយឆ្លងកាត់តំបន់មួយដែលម៉ារ៉ុកចាត់ទុកថាជាផ្នែកមួយនៃខេត្តភាគខាងត្បូងនៃប្រទេសរបស់ខ្លួន។
ទន្ទឹមនឹងនេះ យោងតាមអ្នកសង្កេតការណ៍ បានបង្ហាញថាចលនានេះ នឹងពង្រឹងទំនាក់ទំនងជិតស្និទ្ធរបស់លោក ត្រាំ ជាមួយប្រទេសម៉ារ៉ុក ដែលជាសម្ព័ន្ធមិត្តឈានមុខគេមួយរបស់ទីក្រុងវ៉ាស៊ីនតោននៅអាហ្វ្រិកខាងជើង។
មិនតែប៉ុណ្ណោះ វាក៏ត្រូវបានគេមើលឃើញថាជាការទទួលស្គាល់របស់ប្រទេសម៉ារ៉ុកចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងឆ្នាំ២០២០ ក្នុងការទទួលស្គាល់អធិបតេយ្យភាពរបស់ប្រទេសម៉ារ៉ុកលើតំបន់វាលខ្សាច់សាហារ៉ាខាងលិច ដែលជាទឹកដីមានជម្លោះ និងមានផ្លូវហាយវេរបស់ប្រទេសអាហ្រ្វិកភាគច្រើនឆ្លងកាត់ផងដែរ៕

