រុស្ស៊ី ចេញដីកាចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុន Telegram លោក Pavel Durov ពាក់ព័ន្ធអំពើភេវរកម្ម

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី បានចោទប្រកាន់ទៅលើស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telegram លោក Pavel Durov ពីបទជួយសម្រួល និងគាំទ្រដល់សកម្មភាពភេវរកម្ម ព្រមទាំងបានចេញដីកាចាប់ខ្លួនជាអន្តរជាតិផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) កាលពីថ្ងៃទី២៩ ខែកក្កដា បានចោទប្រកាន់វេទិកា Telegram ដែលបង្កើតឡើង និងដំណើរការដោយលោក Pavel Durov ថាមិនបានលុបខ្លឹមសារ “ដែលប្រើប្រាស់ដោយសេវាកម្មពិសេសអ៊ុយក្រែន និងអង្គការភេរវកម្មផ្សេងៗ ដើម្បីអនុវត្តការវាយប្រហារ ធ្វើភេរវកម្ម ការធ្វើឃាត និងការក្លែងបន្លំតាមអ៊ីនធឺណិត នៅក្នុងប្រទេសរុស្ស៊ី”។

គួរឲ្យដឹងផងដែរថា Telegram ដែលជាកម្មវិធីផ្ញើសារដ៏ល្បីល្បាញបំផុតមួយពិភពលោក ដែលបានចាប់ផ្តើមដំណើរការឡើងតាំងពីឆ្នាំ២០១៣ បានអះអាងថាមានអ្នកប្រើប្រាស់រហូតដល់ជាងមួយពាន់លាននាក់ ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយភាគីទាំងពីរនៅក្នុងជម្លោះអ៊ុយក្រែន។ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រុស្ស៊ីបានស្វែងរកម្តងហើយម្តងទៀតដើម្បីរឹតបន្តឹងការប្រើប្រាស់ Telegram ដោយសារតែលេចធ្លាយឯកសារសំងាត់ និងការគំរាមកំហែងផ្សេងៗ។

ជម្រាបជូនផងដែរថា លោក Durov កើតនៅប្រទេសរុស្ស៊ី ប៉ុន្តែកាន់លិខិតឆ្លងដែនរបស់ប្រទេសអារ៉ាប់រួម (UAE) និងបារាំង។ លោកធ្លាប់ត្រូវបានរដ្ឋាភិបាលបង្ខំឲ្យលក់បណ្តាញសង្គម VKontakte ដែលត្រូវបានគេដាក់ឈ្មោះថាជា “ហ្វេសប៊ុករបស់រុស្ស៊ី” នៅឆ្នាំ២០១៤ រហូតដល់លោក សម្រេចចិត្តលែងរស់នៅប្រទេសរុស្ស៊ីតទៀត៕