ប្រជាជននៅក្នុងប្រទេសថៃ បានខាតបង់លុយជិត ៩ពាន់លានបាត (២៧៣លានដុល្លារ) ដោយសារបណ្តាញឆបោកតាមអ៊ីនធឺណិតក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៦ នេះ ស្របពេលមានករណីឆបោកតាមអ៊ីនធឺណិតជាង ១៧០ ០០០ ត្រូវបានរាយការណ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមទិន្នន័យដែលចេញផ្សាយថ្មីៗនេះរបស់ក្រុមប្រឹក្សាអ្នកប្រើប្រាស់ថៃ (TCC) បានបង្ហាញថា Facebook គឺជាវេទិកាឈានមុខគេសម្រាប់ការឆបោក ដែលមានចំនួនជាង ៦១% នៃករណីទាំងអស់។
ជុំវិញការឆបោកទាំងនោះ រួមមានគេហទំព័រផេក និងគណនីក្លែងក្លាយ ការផ្សាយពាណិជ្ជកម្មវិនិយោគក្លែងក្លាយ គម្រោងពាក់ព័ន្ធនឹងការទិញ និងលក់ទំនិញ និងការក្លែងបន្លំបុគ្គល ឬអង្គការជាដើម។
យ៉ាងណាមិញ តួលេខបង្ហាញថាបញ្ហានេះមិនត្រូវបានកំណត់ចំពោះវេទិកាតែមួយទេ ប៉ុន្តែគ្របដណ្តប់លើប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានទំនាក់ទំនងគ្នា ដែលរួមមានការផ្សាយពាណិជ្ជកម្ម ការសន្ទនា ការស្នើសុំ និងការផ្ទេរប្រាក់ផងដែរ។
ជាមួយគ្នានេះ TCC បាននិយាយកាលពីខែមិថុនាថា ខ្លួននឹងប្តឹង Facebook របស់ក្រុមហ៊ុន Meta ពីបទចោទប្រកាន់ថាអនុញ្ញាតឱ្យអ្នកបោកប្រាស់ប្រើប្រាស់វេទិកានេះដើម្បីបោកប្រាស់អ្នកប្រើប្រាស់តាមរយៈការផ្សាយពាណិជ្ជកម្ម និងសម្រាប់ការបរាជ័យក្នុងការការពារអ្នកប្រើប្រាស់។
គួរជម្រាបជូនថា នៅចន្លោះឆ្នាំ២០២៤ និង ២០២៦ ក្រុមប្រឹក្សាបានកត់ត្រាពាក្យបណ្តឹងចំនួន ៣ ៧៩៣ ដែលភ្ជាប់ទៅនឹង Facebook រួមទាំងករណីដែលអ្នកប្រើប្រាស់មិនបានទទួលទំនិញដែលបានទិញ គម្រោងវិនិយោគក្លែងក្លាយដែលត្រូវបានចោទប្រកាន់ ការក្លែងបន្លំដោយប្រើឈ្មោះជនរងគ្រោះ រូបថត និងផេកដែលបង្កើតឡើងដើម្បីបំភាន់អ្នកទិញ ជាដើម៕

