កំពូលតារា TikTok ដ៏ល្បីឈ្មោះបំផុត លោក Khaby Lame ថ្មីៗនេះ ត្រូវបានទីភ្នាក់ងារអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក (ICE) ចាប់ឃាត់ខ្លួន ហើយក្រោយមកបង្ខំឲ្យចេញពីទឹកដីសហរដ្ឋអាមេរិក ត្រលប់ទៅកាន់ស្រុកកំណើតវិញ បន្ទាប់ពីលោកបានល្មើសច្បាប់អន្តោប្រវេសន៍ ក្រោយទិដ្ឋាការហួសពេលកំណត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារអន្តោប្រវេសន៍អាមេរិក បាននិយាយថា ៖”ក្រុមមន្ត្រីអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក បានសម្រេចឃុំខ្លួនលោក Serigne Khabane Lame វ័យ ២៥ឆ្នាំ ដែលមានសញ្ជាតិសេណេហ្គាល់ និងអ៊ីតាលី នៅថ្ងៃទី៦ ខែមិថុនា នៅឯអាកាសយានដ្ឋានអន្តរជាតិ Harry Reid ទីក្រុង Las Vegas រដ្ឋ Nevada ពីបទរំលោភបំពានលើច្បាប់អន្តោប្រវេសន៍” ។
សេចក្តីថ្លែងការណ៍ដដែលនោះ បាននិយាយបន្ថែមទៀតថា Khaby Lame ត្រូវបានចាប់ឃាត់ខ្លួន និងត្រូវបានដោះលែងវិញ នៅថ្ងៃដដែលនោះ ហើយក្រោយមកត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសដោយស្ម័គ្រចិត្ត”។
គួរឲ្យដឹងផងដែរថា Khaby Lame គឺជាតារា TikTok ដ៏ល្បីឈ្មោះម្នាក់ ដែលមានអ្នកតាមដានរហូតដល់ទៅជាង ១៦២ លាននាក់ ឯណោះ។ អ្នកនាំពាក្យរបស់ ICE បាននិយាយថាលោក Lame បានមកដល់សហរដ្ឋអាមេរិកនៅថ្ងៃទី ៣០ ខែមេសា ហើយបានស្នាក់នៅហួសលក្ខខណ្ឌនៃទិដ្ឋាការរបស់លោក។
ជម្រាបជូនផងដែរថា ចាប់តាំងពីឡើងកាន់អំណាចក្នុងខែមករាមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថានឹងរឹតបន្តឹងកាន់តែខ្លាំង ទៅលើជនអន្តោប្រវេសន៍ និងអនុវត្តការនិរទេសទ្រង់ទ្រាយធំ៕