សហរដ្ឋអាមេរិក នឹងដាក់ពន្ធលើយន្តហោះគ្មានមនុស្សបើក (ដ្រូន) និងគ្រឿងបន្លាស់ រួមទាំងទំនិញពីប្រទេសសម្ព័ន្ធមិត្តសំខាន់ៗ ដោយសារតែការពឹងផ្អែកខ្លាំងពេកលើការផ្គត់ផ្គង់ពីបរទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី១៣ ខែសីហា សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើឯកសារមួយដែលអាចដាក់ពន្ធនាំចូលរហូតដល់ ១០០% លើយន្តហោះគ្មានមនុស្សបើកប្រភេទមួយចំនួន ដែលទំហំ ឬលក្ខណៈពិសេសរបស់វាត្រូវបានចាត់ទុកថាងាយរងគ្រោះជាពិសេសចំពោះសន្តិសុខជាតិ។ យ៉ាងណាមិញ ចំពោះយន្តហោះគ្មានមនុស្សបើកប្រភេទតូចៗ នឹងត្រូវទទួលរងពន្ធ ២៥% ផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ យន្តហោះគ្មានមនុស្សបើក និងគ្រឿងបន្លាស់ពីសហភាពអឺរ៉ុប (EU) ជប៉ុន លីចថេនស្តាញ កូរ៉េខាងត្បូង ស្វីស និងតៃវ៉ាន់ ត្រូវទទួលរងពន្ធ ១៥% ខណៈពន្ធ ១០% នឹងអនុវត្តចំពោះផលិតផលដ្រូនចេញពីចក្រភពអង់គ្លេស។ ប្រទេសទាំងនេះសុទ្ធសឹងតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
គួរឲ្យដឹងផងដែរថា ចំពោះពន្ធគយនាំចូលថ្មីនេះនឹងចូលជាធរមាន បន្ទាប់ពី ២១ថ្ងៃនៃការប្រកាស។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្រាប់គ្រឿងបន្លាស់ និងយន្តហោះគ្មានមនុស្សបើកដែលមិនត្រូវបានចាត់ទុកថាងាយបង្កហានិភ័យដល់សន្តិសុខជាតិ ពន្ធគយនឹងត្រូវប្រមូលបន្ទាប់ពី ១៨០ថ្ងៃក្រោយ។
ជម្រាបជូនថា ពន្ធនាំចូលគឺជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេស និងពាណិជ្ជកម្មអាណត្តិទីពីររបស់លោក ត្រាំ ទោះបីជាមានឧបសគ្គផ្នែកច្បាប់ និងការរិះគន់ពីអ្នកសេដ្ឋកិច្ចក៏ដោយ។ កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក បានប្រកាសពន្ធនាំចូល ១៥% លើផលិតផលប៉ូលីស៊ីលីកុន ដែលជាវត្ថុធាតុដើមសំខាន់ប្រើក្នុងបន្ទះសូឡា និងឧបករណ៍អេឡិចត្រូនិក៕

