ដុំពេជ្រ Motswedi របស់ប្រទេសបុតស្វាណា ដែលមានទំហំដល់ទៅ ២ ៤៨៨ ការ៉ាត់ ដែលជាពេជ្ររដុបមានគុណភាពខ្ពស់ និងធំជាងគេបំផុតទីពីររបស់ពិភពលោក ត្រូវបានលក់ចេញហើយ នាំបន្ទាប់ស្វែងរកអ្នកទិញអស់ជិត ២ឆ្នាំ។

យោងតាមការរាយការណ៍របស់សារព័ត៌មាន Business Insider Africa បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Lucara Diamond ដែលមានមូលដ្ឋាននៅប្រទេសកាណាដា បានប្រកាសពីការលក់ដុំពេជ្រ Motswedi នេះ នៅក្នុងរបាយការណ៍លទ្ធផលផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទីពីររបស់ខ្លួន កាលពីថ្ងៃទី៧ ខែសីហា ដោយការលក់នេះត្រូវបានបូកបញ្ចូលក្នុងចំណូលសរុបចំនួន ៤១លានដុល្លាររបស់ខ្លួន សម្រាប់ត្រីមាសនោះផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lucara មិនបានកំណត់អត្តសញ្ញាណអ្នកទិញ ឬបានបង្ហាញថាពេជ្រនេះលក់បានក្នុងតម្លៃប៉ុន្មាននោះទេ។
គួរឲ្យដឹងថា ការលក់នេះបានបញ្ចប់កិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងមួយរបស់ក្រុមហ៊ុនខាងលើ ដើម្បីស្វែងរកអ្នកទិញសម្រាប់ដុំពេជ្រដែលមានទំហំ និងភាពកម្រដ៏ពិសេសរបស់វា ដែលធ្វើឱ្យវាពិបាកក្នុងការវាយតម្លៃតាមរយៈវិធីសាស្ត្រធម្មតា។
ក្រុមហ៊ុន Lucara បានយកពេជ្រ Motswedi ចេញពីអណ្តូងរ៉ែ Karowe របស់ខ្លួននៅក្នុងប្រទេសបុតស្វាណា ទ្វីបអាហ្វ្រិក ក្នុងខែសីហា ឆ្នាំ២០២៤។ ដុំពេជ្រនេះត្រូវបានគេរាយការណ៍ដំបូងថាមានទំហំ ២ ៤៩២ ការ៉ាត់ ប៉ុន្តែបានបាត់បង់បរិមាណតិចតួចក្នុងអំឡុងពេលសម្អាត។
ជម្រាបជូនថា យោងតាមវិទ្យាស្ថាន Gemological Institute of America បានចាត់ថ្នាក់ Motswedi ជាពេជ្ររដុបដែលមានគុណភាព និងទំហំធំជាងគេទីពីរដែលមិនធ្លាប់មាន បន្ទាប់ពីពេជ្រ Cullinan ទំហំ ៣ ១០៦ ការ៉ាត់ ដែលត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ១៩០៥៕

