មនុស្សជិត ២៧០ ០០០ នាក់ ដែលភាគច្រើនជាឥស្សរជនដែលមានការអប់រំខ្ពស់ និងអ្នកមានៗ បានសម្រុកចាកចេញពីប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដោយសារតែអស្ថិរភាពនយោបាយ និងការព្រួយបារម្ភអំពីសន្តិសុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Jerusalem Post។

យោងតាមការស្រាវជ្រាវដោយផ្អែកលើទិន្នន័យពីការិយាល័យស្ថិតិកណ្តាល ដែលបានបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យ Tel Aviv កាលពីដើមខែសីហា បង្ហាញថា ការធ្វើចំណាកស្រុកកំពុងកើនឡើងយ៉ាងខ្លាំង ដោយមានមនុស្សជាង ៨៦ ៥០០ នាក់ បានចាកចេញពីប្រទេសនៅឆ្នាំ២០២៣ ប្រហែល ៩១ ៥០០ នាក់នៅឆ្នាំ២០២៤ និងចំនួនស្រដៀងគ្នានេះផងដែរ នៅក្នុងឆ្នាំ២០២៥។
យ៉ាងណាមិញ សម្រាប់ការប្រៀបធៀប ក្នុងអំឡុងពេលដូចគ្នានៃឆ្នាំ២០១៣, ២០១៤ និង២០១៥ មានតែពលរដ្ឋត្រឹមតែ ៨៣ ២១៩ នាក់ប៉ុណ្ណោះដែលបានចាកចេញពីអ៊ីស្រាអែល។ របាយការណ៍ពីអាជ្ញាធរពន្ធដារអ៊ីស្រាអែល ក៏បានបង្ហាញឲ្យដឹងផងដែរថា អ្នកដែលបានចាកចេញទាំងនេះ សុទ្ធសឹងតែក្រុមហ៊ុនពលរដ្ឋដែលបង់ពន្ធខ្ពស់។
លោក Gilad Kariv ប្រធានគណៈកម្មាធិការអន្តោប្រវេសន៍ សមាហរណកម្ម និងសហគមន៍ជ្វីហ្វនៅបរទេសរបស់ស្ថាប័ន Knesset អ៊ីស្រាអែល បាននិយាយថា ប្រទេសនេះកំពុងប្រឈមមុខនឹងរលកនៃការធ្វើចំណាកស្រុកទ្រង់ទ្រាយធំបំផុត ដែលរដ្ឋាភិបាលមិនបានធ្វើអ្វីទាល់តែសោះដើម្បីដោះស្រាy។ ហើយមូលហេតុចម្បងនៃស្ថានភាពនេះកើតចេញពីការដួលរលំនៃទំនុកចិត្តនយោបាយ និងវដ្តនៃជម្លោះដ៏យូរអង្វែង។
គួរជម្រាបជូនថា ការចាកចេញបានបន្តកាន់តែខ្លាំងឡើង មុនពេលមានការបោះឆ្នោតដ៏សំខាន់នៅចុងឆ្នាំនេះ ខណៈពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ កាន់តែមានទំនោរទៅរកស្តាំនិយម និងរឹងរូស៕

