ស្ថានទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេស បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនលែងមានឯកអគ្គរដ្ឋទូតដែលបម្រើការនៅក្នុងប្រទេសនេះទៀតហើយ ដោយចោទប្រកាន់ទីក្រុងឡុងដ៍ថាបានបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃទំនាក់ទំនងទ្វេភាគី។

យោងតាមកាសែតអង់គ្លេស Sunday Times បានរាយការណ៍នៅថ្ងៃទី២៣ ខែសីហាថា រុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូត លោក Andrey Kelin ត្រលប់មកវិញ ដោយបង្ហាញថា ចលនានេះមានគោលបំណងបង្ខំឱ្យអង់គ្លេសពិចារណាឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន។
យោងតាមកាសែតអង់គ្លេសដដែលនេះ មន្ត្រីរុស្ស៊ីមិនទាន់បានតែងតាំងអ្នកជំនួសលោក Kelin នៅឡើយទេ ហើយបុគ្គលិកស្ថានទូតហាក់ដូចជាមិនដឹងថាពេលណាអ្នកស្នងតំណែងថ្មីនឹងត្រូវបានតែងតាំងផងដែរ។
គួរឲ្យដឹងថា លោក Kelin បានបម្រើការជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេសអស់រយៈពេលជាងប្រាំពីរឆ្នាំ ហើយបានចាកចេញពីតំណែងរបស់លោក ចាប់តាំងពីថ្ងៃទី២១ ខែកក្កដាមកម្លេះ។ កាសែតអង់គ្លេសបានកត់សម្គាល់ថា ទម្លាក់ទំនាក់ទំនងការទូតដោយការដកឯកអគ្គរដ្ឋទូត គឺជាមធ្យោបាយមួយសម្រាប់រដ្ឋាភិបាលដើម្បីបង្ហាញការមិនពេញចិត្ត ឬការអស់សេចក្តីទុកចិត្តយ៉ាងធ្ងន់ធ្ងរ ដោយមិនទាន់កាត់ផ្តាច់ទំនាក់ទំនងទាំងស្រុង។
កាលពីសប្តាហ៍មុន ទីក្រុងមូស្គូបានព្រមានទីក្រុងឡុងដ៍ថា ពួកគេនឹងត្រូវបង់ថ្លៃសង បន្ទាប់ពីមានរបាយការណ៍លេចចេញថា យន្តហោះគ្មានមនុស្សបើកដែលផលិត និងផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសដល់អ៊ុយក្រែន ត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារជ្រៅចូលទៅក្នុងទឹកដីរុស្ស៊ី។
លើសពីនេះ ស្ថានទូតរុស្ស៊ីបានចោទប្រកាន់ចក្រភពអង់គ្លេសថាជាអ្នកសមគំនិត ក្នុងការវាយប្រហារ ដោយអះអាងថា ទីក្រុងឡុងដ៍បានជ្រើសរើសផ្លូវនៃជម្លោះកាន់តែធ្ងន់ធ្ងរឡើងដោយចេតនា។ ស្ថានទូតរុស្ស៊ីបានបញ្ជាក់ទៀតថា ចក្រភពអង់គ្លេសកាន់តែជាប់ពាក់ព័ន្ធកាន់តែជ្រៅនៅក្នុងជម្លោះ ហើយការគាំទ្រកាន់តែច្រើនដែលខ្លួនផ្តល់ដល់អ៊ុយក្រែន និងត្រូវតែទទួលរ៉ាប់រងសងវិញកាន់តែច្រើនផងដែរ៕

