រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរភ្លាម បើលោកខាងលិចហ៊ានបញ្ជូនកងទ័ពជួយអ៊ុយក្រែន

អន្តរជាតិ

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានធ្ងន់ៗទៅកាន់បណ្តាប្រទេសលោកខាងលិចថា ពួកគេកំពុងប្រថុយប្រថានចូលទៅរកសង្គ្រាមនុយក្លេអ៊ែរ ប្រសិនជាហ៊ានបញ្ជូនកងទ័ពចូលទៅរួមកម្លាំងជាមួយប្រទេសអ៊ុយក្រែន និងរំលឹកប្រាប់ចំៗទៀតថាខ្លួនក៏មានអាវុធអាចវាយប្រហារទៅកាន់លោកខាងលិចបានមួយរំពេចផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងអំឡុងសន្ទរកថាប្រចាំឆ្នាំមេដឹកនាំរុស្ស៊ីដ៏មានឥទ្ធិពលរូបនេះបាននិយាយថា៖ កងកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយ។ អាវុធនុយក្លេអ៊ែរដែលមានល្បឿនលឿនជាងសំឡេងជំនាន់ថ្មី ដែលត្រូវបានស្ថិតនៅក្រោមដំណាក់កាលអភិវឌ្ឍន៍ និងការសាកល្បងកាលពីក្នុងឆ្នាំ២០១៨ ឥឡូវនេះវាអាចប្រើប្រាស់សម្រាប់ការបាញ់បង្ហោះបានហើយ។

មិនត្រឹមតែប៉ុណ្ណោះលោក ពូទីន បានស្នើឱ្យអ្នកនយោបាយលោកខាងលិច នឹកឃើញឡើងវិញនូវជោគវាសនារបស់ពួកណាស៊ី អាដុល ហ៊ីត្លែរ របស់អាឡឺម៉ង់ និងអតីតអធិរាជបារាំង ណាប៉ូឡេអុង បូណាប៉ាត របស់បារាំង ដែលធ្លាប់បានលុកលុយរុស្ស៊ីដែរ តែមិនជោគជ័យកាលពីអតីតកាល។ លោក ពូទីន បានលើកឡើងទៀតថា អ្នកនយោបាយលោកខាងលិចគិតត្រឹមថាសង្គ្រាមជារូបត្លុក ហើយភ្លេចពីអត្ថន័យនៃពាក្យថាសង្គ្រាមពិតប្រាកដ ពីព្រោះពួកគេមិនបានប្រឈមមុខនឹងបញ្ហាសន្តិសុខ ដូចជនជាតិរុស្ស៊ីធ្លាប់មានក្នុងរយៈពេលបីទសវត្សចុងក្រោយនេះ។ ម្យ៉ាងវិញទៀត កងកម្លាំងរបស់ទីក្រុងមូស្គូបច្ចុប្បន្ន មានភាពស្វាហាប់នៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន ហើយបានរុលទៅមុខឥតឈប់ឈរប្រឆាំងនឹងកងទ័ពអ៊ុយក្រែនដែលហួសសម័យ។

សូមជម្រាបផងដែរ លោក ពូទីន បានធ្វើការព្រមានទាំងកំរោលអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរយ៉ាងដូច្នេះ ក៏ដោយសារតែលោកមានការខឹងសម្បារទៅនឹងគំនិតរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលមានបំណងបញ្ជូនកងទ័ពរួមគ្នាទៅជួយអ៊ុយក្រែន តែយ៉ាងណាគំនិតមួយនេះត្រូវបានច្រានចោលភ្លាមៗពីសម្ព័ន្ធមិត្តធំៗដូចជាអាមេរិក អាល្លឺម៉ង់ អង់គ្លេស និងប្រទេសដ៏ទៃផ្សេងទៀត៕