Alibaba សម្រុកលក់ចេញភាគហ៊ុនជាង ១០ពាន់លានដុល្លារ ដើម្បីពង្រីកលើ AI

អន្តរជាតិ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សចិន Alibaba បានធ្លាក់ចុះអស់ ៨% នៅក្នុងការជួញដូរដំបូង នៅទីផ្សារហ៊ុនហុងកុង នៅថ្ងៃទី២៤ ខែសីហានេះ បន្ទាប់ពីពួកគេបានបញ្ចប់ការបោះផ្សាយលក់ភាគហ៊ុនក្នុងតម្លៃ ៨០ពាន់លានដុល្លារហុងកុង (១០,២១ពាន់លានដុល្លារអាមេរិក) ក្នុងគោលបំណងរៃអង្គាសប្រាក់ដើមទុនសម្រាប់អភិវឌ្ឍវិស័យបញ្ញាសិប្បនិម្មិត (AI) បន្ថែម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញកិច្ចព្រមព្រៀងនេះ គឺជាការបោះផ្សាយលក់ភាគហ៊ុនបន្ថែម (Primary follow-on offering) ធំបំផុតមិនធ្លាប់មានដោយក្រុមហ៊ុនចុះបញ្ជីនៅហុងកុង និងធំជាងគេទីបីនៅលើពិភពលោក ក្នុងឆ្នាំនេះ បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet និង Intel។

យ៉ាងណាមិញ Alibaba ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្ម Cloud ធំជាងគេបំផុតមួយរបស់ចិន មានបំណងប្រើប្រាស់ថវិកាដែលទទួលបានពីការលក់ភាគហ៊ុននេះ ដើម្បីឧបត្ថម្ភធនដល់ការអភិវឌ្ឍ AI របស់ខ្លួនបន្ថែមទៀត រួមទាំងការទឹកប្រាក់សម្រាប់ពង្រីកហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹងវិស័យនេះ ផងដែរ។

គួរជម្រាបជូនផងដែរថា ការបោះផ្សាយលក់ភាគហ៊ុននេះ បានធ្វើឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី Alibaba បានរាយការណ៍ពីប្រាក់ចំណេញប្រចាំត្រីមាស ដោយក្នុងនោះក្រុមហ៊ុនបាននិយាយថា ខ្លួនបានចំណាយអស់ជិតពាក់កណ្តាលនៃផែនការចំណាយដើមទុនរយៈពេលបីឆ្នាំរបស់ខ្លួនរួចទៅហើយ៕​