លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានក្លាយជាអ្នកមានបំផុតទីប្រាំមួយរបស់ពិភពលោក គិតត្រឹមថ្ងៃទី២៨ ខែសីហា ខណៈពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន បានកើនឡើងយ៉ាងខ្លាំង ដោយសារមានរបាយការណ៍ហិរញ្ញវត្ថុដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។

យោងតាម Forbes បានបង្ហាញថា លោក Huang បានបន្ថែមលុយចំនួន ១៥,៦ពាន់លានដុល្លារ ដែលធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ ១៩៦,៨ពាន់លានដុល្លារ និងបានវ៉ាដាច់លោក Mark Zuckerberg មេធំរបស់ក្រុមហ៊ុន Meta និងសហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ផងដែរ។
យ៉ាងណាមិញ ជុំវិញការហក់ឡើងនៃទ្រព្យសម្បត្តិរបស់លោក Huang នេះ បានកើតឡើង បន្ទាប់ពីតម្លៃមូលធនទីផ្សាររបស់ Nvidia កើនឡើងជាង ៤០០ពាន់លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបកើនដល់ ៥,៥២ទ្រីលានដុល្លារ។
មិនតែប៉ុណ្ណោះ នាយកផ្នែកហិរញ្ញវត្ថុ Nvidia លោកស្រី Colette Kress បានបង្ហាញក្តីរំពឹងថាប្រាក់ចំណូលរបស់ក្រុមហ៊ុននឹងកើនឡើង ៧០% នៅក្នុងឆ្នាំសារពើពន្ធ២០២៨ ខាងមុខ ខណៈពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន លោក Jensen Huang ក៏បានអះអាងបន្ថែមថា តម្រូវការក្រុមហ៊ុនអាចបន្តកើនឡើងដល់ខ្ពស់ជាង ៧០% ផងដែរ៕

