អាមេរិក ដាក់ចេញកាក់ ១ដុល្លារដែលមានរូបរបស់ប្រធានាធិបតី ត្រាំ ជាផ្លូវការ

អន្តរជាតិ

ក្រសួងរតនាគារអាមេរិក ថ្មីៗនេះ បានដាក់ចេញកាក់ ១ដុល្លារដែលមានរូបរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីអបអរសាទរខួបលើកទី២៥០ឆ្នាំនៃការបង្កើតប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរោងពុម្ភនៃក្រសួងរតនាគារអាមេរិក បានប្រកាសថា៖ ” កាក់ ១ដុល្លារដែលមានរូបប្រធានាធិបតី ត្រាំ នឹងត្រូវដាក់លក់ជាផ្លូវការហើយ សូមបញ្ជាទិញវានៅថ្ងៃនេះ”។

យ៉ាងណាមិញរោងពុម្ព បានបង្ហោះរូបភាពគំរូដែលបង្ហាញពីផ្នែកខាងមុខនៃកាក់ដែលមានរូបប្រធានាធិបតី ត្រាំ អមដោយពាក្យ “In God we trust” (យើងជឿជាក់លើព្រះ) ព័ទ្ធជុំវិញដោយពាក្យ “liberty” (សេរីភាព) និងឆ្នាំ “១៧៧៦ – ២០២៦” ដែលជាការសម្គាល់ខួប ៥០ឆ្នាំនៃការបង្កើតសហរដ្ឋអាមេរិក។

ផ្នែកខាងខ្នងនៃកាក់មានរូបសញ្ញាជាតិអាមេរិក ដែលបង្ហាញពីរូបសត្វឥន្ទ្រីមួយក្បាល ដោយជើងម្ខាងចាប់ព្រួញ និងជើងម្ខាងទៀតកាន់មែកអូលីវ។ រួមទាំងលេខ ២៥០ ដែលត្រូវបានបង្កប់នៅលើដងខ្លួនរបស់ឥន្ទ្រីផងដែរ។

គួរឲ្យដឹងថា អ្នកទិញកាក់អនុស្សាវរីយ៍នេះមានជម្រើសពីរ ទីមួយគឺទិញជាកញ្ចប់ ២៥ កាក់ក្នុងតម្លៃ ៦១ដុល្លារ ឬជាថង់ ១០០ កាក់ក្នុងតម្លៃ ១៥៤,៥ដុល្លារ។

ជម្រាបជូនថា កាក់អនុស្សាវរីយ៍នេះគ្រាន់តែជារបស់មួយក្នុងចំណោមរបស់របរជាច្រើនទៀតដែលរដ្ឋាភិបាលអាមេរិក បានចារឹកឈ្មោះ និងដាក់រូបថតរបស់ប្រធានាធិបតី ត្រាំ។ មេសេតវិមានរូបនេះ ធ្លាប់បានបង្ហើបថា លោកមានបំណងចង់បន្សល់ទុកស្នាដៃ និងការចងចាំនៅក្នុងប្រទេស ជាយូរមកហើយ៕