ប្រធានាធិបតី Zelensky សម្រេចដកតំណែងអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន ជុំវិញការសូកប៉ាន់

អន្តរជាតិ

ប្រធានាធិបតីលោក Volodymyr Zelensky កាលពីពេលថ្មីៗនេះ បានប្រកាសដកតំណែងអគ្គរដ្ឋអាជ្ញា លោក Ruslan Kravchenko ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទសូកប៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចចិត្តដកតំណែងអគ្គរដ្ឋអាជ្ញាអ៊ុយក្រែនរូបនេះ​ត្រូវបានធ្វើឡើងនៅក្នុងអនុក្រឹត្យរដ្ឋាភិបាលមួយដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី Zelensky កាលពីថ្ងៃទី១៤ ខែកញ្ញា។ នៅក្នុងការបង្ហោះលើបណ្តាញសង្គមក្រោយនោះ លោក Zelensky បានថ្លែងថា មាន “ជម្រើសតែមួយគត់” សម្រាប់អគ្គរដ្ឋអាជ្ញា Kravchenko គឺការដកតំណែង និងថែមទាំងបានជំរុញឱ្យសមាជិកសភាអនុម័តការសម្រេចចិត្តនេះឱ្យបានឆាប់រហ័សផងដែរ។

ការិយាល័យប្រឆាំងអំពើពុករលួយជាតិ (NABU) និងការិយាល័យអគ្គរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយពិសេសនៃប្រទេសអ៊ុយក្រែន (SAPO) បានប្រកាសកាលពីថ្ងៃទី៥ ខែកញ្ញា ពីការបង្ក្រាបក្រុមជម្រិតទារប្រាក់ និងក្រុមការពារមជ្ឈមណ្ឌលបោកប្រាស់តាមទូរស័ព្ទ ដែលបានលាងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេស។ ពួកគេបានថ្លែងថា ក្រុមនោះត្រូវបានដឹកនាំដោយមន្ត្រីម្នាក់មកពីការិយាល័យអគ្គរដ្ឋអាជ្ញា ហើយបានចុះឆែកឆេរទីតាំងនោះ។

មិនតែប៉ុណ្ណោះ NABU ក៏បានថ្លែងទៀតថា ថវិកាដែលបានកេងបន្លំត្រូវបានយកទៅទិញអចលនទ្រព្យ គ្រឿងអលង្ការ និងទ្រព្យសម្បត្តិមានតម្លៃផ្សេងៗទៀត ហើយក្នុងនោះលោក Kravchenko ក៏ត្រូវបានគេចោទប្រកាន់តែមានជាប់ព័ន្ធនៅក្នុងរឿងនេះផងដែរ។

ជម្រាបជូនថា អំពើពុករលួយគឺជាបញ្ហារ៉ាំរ៉ៃមួយនៅក្នុងប្រទេសអ៊ុយក្រែន។ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីបានផ្ទុះឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២២ មក រឿងអាស្រូវពុករលួយជាច្រើនត្រូវបានលាតត្រដាង រួមទាំងបញ្ហានៅក្នុងកងទ័ពអ៊ុយក្រែនផងដែរ៕​