លោក ត្រាំ ប្រកាសថាកូរ៉េខាងត្បូងនឹងបោះលុយវិនិយោគ ២០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការវិនិយោគទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារពីកូរ៉េខាងត្បូងមកកាន់សហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានថវិកាចំនួន ៥៤ពាន់លានដុល្លារសម្រាប់គម្រោងឧស្ម័នធម្មជាតិរាវ (LNG) ដ៏សំខាន់មួយនៅក្នុងរដ្ឋ Alaska។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ដោយបន្ថែមពីលើគម្រោងឧស្ម័នធម្មជាតិរាវ (LNG) និងបំពង់ទុយោបង្ហូរប្រេងនៅរដ្ឋ Alaska រដ្ឋបាលលោក ត្រាំ ក៏បានប្រកាសកាលពីថ្ងៃទី៣០ ខែកញ្ញា ថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងគាំទ្រដល់ការសាងសង់រោងចក្រថាមពលបរមាណូថ្មីចំនួន ៨ និងរោងចក្រថាមពលឧស្ម័នធម្មជាតិទ្រង់ទ្រាយធំមួយនៅក្នុងរដ្ឋ Texas ផងដែរ។

គួរឲ្យដឹងថា ជុំវិញការប្រកាសពីលោក ត្រាំ នេះ បានកត់សម្គាល់នូវការវិនិយោគក្នុងគម្រោងធំៗដំបូង ក្រោមញ្ចប់វិនិយោគយុទ្ធសាស្ត្រសរុបចំនួន ៣៥០ពាន់លានដុល្លារ ដែលកូរ៉េខាងត្បូងបានប្តេជ្ញាចិត្តជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ២០២៥ ជាមួយសហរដ្ឋអាមេរិក។ កញ្ចប់ថវិកានេះរួមមាន ១៥០ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មសាងសង់កប៉ាល់ និង ២០០ពាន់លានដុល្លារសម្រាប់ការវិនិយោគយុទ្ធសាស្ត្រផ្សេងទៀត។

ទន្ទឹមនឹងនេះ ទីក្រុងសេអ៊ូលក៏បានបញ្ជាក់ពីព័ត៌មានលម្អិតផ្សេងទៀតនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី ត្រាំ នោះ ដោយនិយាយថា ខ្លួននឹងវិនិយោគ ២២,៣ពាន់លានដុល្លារផ្សេងទៀត លើគម្រោងរោងចក្រថាមពលដើរដោយឧស្ម័ននៅក្នុងរដ្ឋ Texas ដើម្បីផ្គត់ផ្គង់ថាមពលដល់មជ្ឈមណ្ឌលទិន្នន័យ AI ព្រមទាំងថវិកា ១២០ពាន់លានដុល្លារដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធបរមាណូចំនួន ៨ ផងដែរ៕​