ចិន បានប្រកាសថាខ្លួននឹងតបតវិញយ៉ាងម៉ឺងម៉ាត់បំផុត ប្រសិនបើសហភាពអឺរ៉ុប (EU) អនុវត្តវិធានការរឹតបន្តឹងពាណិជ្ជកម្ម ដែលតម្រង់ទិសមកលើអាជីវកម្ម និងផលិតផលរបស់ប្រទេសខ្លួននោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

យោងតាមសេចក្តីប្រកាសកាលមួយចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ពីក្រសួងពាណិជ្ជកម្មចិន បានសំដៅលើឯកសារមួយដែលគេជឿថាជាសេចក្តីព្រាងរួមគ្នារបស់ប្រទេសជាសមាជិក EU មួយចំនួន។ នៅក្នុងនោះ ប្រទេសទាំងនោះស្វែងរកការជំរុញឧបករណ៍មួយ ដើម្បីដោះស្រាយការអនុវត្តពាណិជ្ជកម្មមិនស្មោះត្រង់ និងចាត់វិធានការកាន់តែរឹងមាំប្រឆាំងនឹងទីក្រុងបេកាំង។
យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មចិនបានហៅឧបករណ៍នេះថាជា រូបភាពគំរូនៃចលនារក្សាប្រយោជន៍ស្រុក និងលទ្ធិឯកតោភាគីនិយម។ ពួកគេថែមទាំងបានព្រមានទៀតថា វាផ្តល់ការរំខានដល់ស្ថិរភាពពាណិជ្ជកម្មរវាងចិន និង EU។
លើសពីនេះ សារព័ត៌មាន Global Times បានដកស្រង់សម្តីអ្នកជំនាញចិនម្នាក់ដោយនិយាយថា ទីក្រុងបេកាំងក៏អាចសងសឹកវិញជាមួយនឹងកញ្ចប់ឧបករណ៍គោលនយោបាយដ៏មានឥទ្ធិពលវិញផងដែរ។ កញ្ចប់ឧបករណ៍នេះរួមបញ្ចូលទាំងការស៊ើបអង្កេតលើការអនុវត្តប្រឆាំងការរើសអើង ហានិភ័យសន្តិសុខចំពោះឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងការវាយតម្លៃផលប៉ះពាល់នៃការឧបត្ថម្ភធនពីក្រុមហ៊ុនបរទេសថែមទៀតផង។
ជម្រាបជូនថា ចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ EU ដោយពាណិជ្ជកម្មសរុបសម្រេចបាន ៨៨០ពាន់លានអឺរ៉ូ (ឬជិត ១ទ្រីលានដុល្លារ) កាលពីឆ្នាំមុន ដែលរាប់បញ្ចូលទាំងសេវាកម្មផងដែរ៕

