ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ បានប្រកាសបន្តពន្យារពេលលើវិធានការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈរហូតដល់ចុងឆ្នាំ២០២៦ បន្ទាប់ពីបានដាក់ចេញកាលពីដើមឆ្នាំនេះ ដើម្បីជួយសម្រួលដល់ស្ថិរភាពទីផ្សារក្នុងស្រុក ចំពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

រដ្ឋាភិបាលទីក្រុងហាណូយ បាននិយាយក្នុងថ្លែងការណ៍មួយនៅថ្ងៃទី១ ខែតុលាថា ការពន្យារពេលកញ្ចប់ថវិកានេះនឹងជួយធានាសន្តិសុខថាមពល ស្ថិរភាពសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា និងគាំទ្រសកម្មភាពអាជីវកម្ម ព្រមទាំងអនុញ្ញាតឱ្យក្រុមហ៊ុននានាធ្វើពិពិធកម្មប្រភពនាំចូលប្រេងឥន្ធនៈ និងកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់បែបប្រពៃណីផងដែរ។
មិនតែប៉ុណ្ណោះ យោងតាមសេចក្តីសម្រេចដែលបានចុះហត្ថលេខានៅថ្ងៃទី៣០ ខែកញ្ញា ការកាត់បន្ថយពន្ធនាំចូលលើប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងឥន្ធនៈ ប្រេងយន្តហោះ និងវត្ថុធាតុដើមសំខាន់ៗសម្រាប់រោងចក្រចម្រាញ់ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែធ្នូ។
គួរជម្រាបជូនផងដែរថា ចំពោះវិធានការកាត់បន្ថយពន្ធនាំចូលនេះ រួមមានការកាត់បន្ថយពន្ធនាំចូលអនុគ្រោះលើប្រេងសាំងមកត្រឹម ០% ពី ១០%។ ពន្ធលើប្រេងម៉ាស៊ូត ប្រេងឥន្ធនៈ ប្រេងកាត និងប្រេងយន្តហោះ នៅតែរក្សានៅត្រឹម ០% ជំនួសឱ្យកម្រិត ៧% ពីមុន ខណៈពន្ធលើវត្ថុធាតុដើមគីមីឥន្ធនៈមួយចំនួនទៀតក៏ត្រូវបានកាត់បន្ថយមកត្រឹមសូន្យផងដែរ៕

