ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យអនុវត្តគម្រោង CAM-PACK+ «ការពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់ តាមរយៈនវានុវត្តន៍សំបកវេចខ្ចប់នៅក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង» ដើម្បីជួយសហគ្រាស កែលម្អការវេចខ្ចប់ និងពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់ និងអន្តរជាតិ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

គម្រោងទទួលបានហិរញ្ញប្បទានចំនួន ៣០ម៉ឺនដុល្លារអាម៉េរិក ពីរដ្ឋាភិបាលចិន តាមរយៈមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ការអនុវត្តរយៈពេល ១៥ ខែ ដោយមានការចូលរួមពីប្រទេសកម្ពុជា ឡាវ និងវៀតណាម។
លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរំលេចពីសារសំខាន់នៃការវេចខ្ចប់ ថាមានទំនាក់ទំនងផ្ទាល់ទៅនឹងគុណភាព សុវត្ថិភាព អាយុកាលផលិតផល ការដឹកជញ្ជូន ស្តង់ដា និងទំនុកចិត្តរបស់អ្នកប្រើប្រាស់។ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម កង្វះសម្ភារវេចខ្ចប់សមស្រប អ្នករចនា និងអ្នកផ្គត់ផ្គង់ អាចរារាំងការពង្រីកផលិតកម្ម និងទីផ្សារ។

លោកបានលើកឡើងថា៖ “គោលដៅគម្រោងមិនមែនត្រឹមតែការបណ្តុះបណ្តាលសហគ្រាសនោះទេ ប៉ុន្តែជាការបង្កើតសមត្ថភាព បណ្តាញ និងឧបករណ៍ ដែលអាចជួយឱ្យសហគ្រាសទទួលបានចំណេះដឹង បច្ចេកទេស ដំណោះស្រាយវេចខ្ចប់ និងការត្រៀមខ្លួនចូលទីផ្សារកាន់តែប្រសើរ។”
នាឱកាសនោះ លោក Guo Dongbo លេខាទី១ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃស្ថានទូតចិនប្រចាំកម្ពុជា ក៏បានលើកឡើងដែរថា៖ “ការវេចខ្ចប់ជាសសរស្តម្ភឧស្សាហកម្មដ៏សំខាន់ ដែលទ្រទ្រង់តម្លៃផលិតផល សន្តិសុខខ្សែច្រវាក់ផ្គត់ផ្គង់ និងការពង្រីកទីផ្សារឆ្លងដែន។ ទោះជាយ៉ាងណា អស់រយៈពេលជាយូរមកហើយ ប្រព័ន្ធវេចខ្ចប់ដែលមិនទាន់អភិវឌ្ឍបានល្អ នៅតែជាឧបសគ្គចម្បងដល់ការលើកកម្ពស់ពាណិជ្ជកម្មនៅទូទាំងតំបន់។”

គួរឱ្យដឹងថា គម្រោង CAM-PACK+ នឹងផ្តោតលើការបណ្តុះបណ្តាល និងការផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់ ការរៀបចំគោលការណ៍ណែនាំអំពីសុវត្ថិភាពសម្ភារវេចខ្ចប់ ការដាក់ស្លាកលើសំបកវេចខ្ចប់ មុខងារ និងចីរភាពនៃការវេចខ្ចប់ ព្រមទាំងការអភិវឌ្ឍឧបករណ៍ជួយឱ្យសហគ្រាសត្រៀមខ្លួនសម្រាប់ការនាំចេញ។
គម្រោងក៏នឹងរៀបចំកម្មវិធីប្រកួតប្រជែងការរចនាសំបកវេចខ្ចប់ Khmer Star និង Mekong Star Packaging Design Awards និងការតាំងបង្ហាញផលិតផលវេចខ្ចប់ Made in Mekong ដើម្បីភ្ជាប់យុវជន និងអ្នករចនាជាមួយតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម។


