កំពូលមហាសេដ្ឋី Elon Musk បង្ហាញការហួសចិត្ត និងអស់សំណើចក្រោយបក្សសាធារណរដ្ឋបរាជ័យក្នុងការបោះឆ្នោត

អន្តរជាតិ

បន្ទាប់ពីគណបក្សសាធារណរដ្ឋបានបរាជ័យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិការពីពេលថ្មីៗនេះ មហាសេដ្ឋីមានដាច់គេបំផុតរបស់ពិភពលោក Elon Musk បាននិយាយដោយលេងសើចថា ការចូលជ្រៀតជ្រែករបស់លោកនៅក្នុងការបោះឆ្នោតនេះ គឺមិនទទួលបានលទ្ធផលនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៤ ខែវិច្ឆិកា លោក Musk បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X ថា៖ “វាហាក់បីដូចការចូលរួមប្រឹងប្រែងរបស់ខ្ញុំ ដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតនេះ មិនទទួលបានដំណើរការអ្វីសោះ”។

គួរឲ្យដឹងផងដែរថា ជុំវិញការបង្ហោះនេះ បានកើតឡើងមិនដល់មួយម៉ោងផង បន្ទាប់ពីលោក James Talarico ដែលជាសមាជិកព្រឹទ្ធសភាជាប់ឆ្នោតមកពីរដ្ឋតិចសាស់ (Texas) បានឡើងលើវេទិកានៅទីក្រុង Austin ដើម្បីអបអរសាទរជ័យជម្នះរបស់លោក។ នៅក្នុងឱកាសនោះ លោក Talarico ក៏បានរិះគន់ទៅលើលោក Musk និងប្រធានាធិបតី លោក ដូណាល់ ត្រាំ បើទោះបីជាមិនបានបញ្ចេញឈ្មោះចំៗក៏ដោយ។

យ៉ាងណាមិញ ការប្រកួតប្រជែងដណ្តើមអាសនៈព្រឹទ្ធសភានៅរដ្ឋតិចសាស់ ត្រូវបានគេចាត់ទុកថាជាការប្រកួតដែលមានការចំណាយខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ យោងតាមទិន្នន័យ ការចំណាយសរុបលើការផ្សព្វផ្សាយឃោសនានៅក្នុងរដ្ឋនេះ បានកើនលើសពី ៥០០លានដុល្លារ។

ជម្រាបជូនថា លោក Musk ជាអ្នករស់នៅក្នុងរដ្ឋតិចសាស់នេះ ហើយលោកក៏បានផ្លាស់ប្តូរទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនមួយចំនួនរបស់លោក រួមមាន SpaceX, Tesla និង X មកកាន់រដ្ឋនេះផងដែរ។ យោងតាមកំណត់ត្រាហិរញ្ញវត្ថុនៃយុទ្ធនាការបោះឆ្នោតកម្រិតសហព័ន្ធ បានបង្ហាញថាលោក Musk បានបរិច្ចាគទឹកប្រាក់ប្រមាណ ១៥៨លានដុល្លារ ទៅឱ្យមូលនិធិ Senate Leadership Fund ដែលជាគណៈកម្មាធិការសកម្មភាពនយោបាយ (PAC) ដ៏សំខាន់មួយរបស់គណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ៕​