មហាអំណាចចិន បញ្ជាឲ្យអណ្តូងរ៉ែធ្យូងថ្ម បង្កើនការផលិតឲ្យច្រើនតាមដែលអាចធ្វើបាន ដើម្បីទប់ទល់កង្វះអគ្គិសនី

អន្តរជាតិ

រដ្ឋាភិបាលចិន បានបញ្ជាឲ្យក្រុមហ៊ុនអណ្តូងរ៉ែធ្យូងថ្មនៅក្នុងប្រទេស ផលិតធ្យូងថ្មឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ស្របពេលខ្លួនកំពុងព្យាយាមបង្កើនផលិតកម្ម នៅពេលរដូវរងាខិតជិតមកដល់ និងដើម្បីបន្ធូរបបន្ថយការខ្វះខាតថាមពលអគ្គិសនី ដែលកំពុងជាបញ្ហាប្រឈមនៅក្នុងប្រទេសផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងសេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើងដោយគណ:កម្មការកំណែទម្រង់ និងអភិវឌ្ឍជាតិ របស់ប្រទេសចិន បន្ទាប់ពីខេត្តជាច្រើន បានទទួលរងនូវការខ្វះខាតថាមពលអគ្គិសនីអស់រយ:ពេលជាច្រើនសប្តាហ៍មកហើយ ដែលបង្ខំឲ្យរដ្ឋាភិបាល ត្រូវតម្លើងការប្រើប្រាស់ថាមពលអគ្គិសនីច្រើនជាងមុន នៅក្នុងម៉ោងធ្វើការ ស្របពេលរោងចក្រមួយចំនួន ត្រូវផ្អាកផលិតកម្មរបស់ខ្លួន ។ ហើយបញ្ហានេះផងដែរ បានស្តែងបញ្ជាក់ពីឱនភាពនៃកំណើនសេដ្ឋកិច្ច ដោយសារតែទិន្នផលឧស្សាហកម្មធ្លាក់ចុះ ។

គួររំលឹកផងដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានជំរុញឲ្យអណ្តូងរ៉ែធ្យូងថ្ម កាត់បន្ថយការផលិតរបស់ខ្លួន នៅដើមឆ្នាំនេះ ដោយសារតែប្រទេសមួយនេះ បានបន្តគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ដើម្បីកាត់បន្ថយការបញ្ចេញនូវសារធាតុកាបូន ដែលជាឧស្ម័នពុល ។

ប៉ុន្តែទោះជាយ៉ាងណា វិធានការដ៏តឹងរ៉ឹងនេះ បានធ្វើឲ្យតម្រូវការធ្យូងថ្មនៅក្នុងប្រទេសបានកើនឡើងខ្លាំង ដោយសារតែថាមពលដែលទាញចេញពីឥន្ធន:ហ្វូស៊ីលមួយនេះ មិនមានភាពគ្រប់គ្រាន់តាមតម្រូវការនោះឡើយ ។

ហើយមិនតែប៉ុណ្ណោះ ដើម្បីអាចដោះស្រាយបញ្ហានេះបាន ប្រទេសចិនបានចាប់ផ្តើម បញ្ជាឲ្យអណ្តូងរ៉ែធ្យូងថ្មនៅក្នុងប្រទេសទាំងអស់ បង្កើនការផលិតរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានឃើញអាជ្ញាធរនៅក្នុងប្រទេសម៉ុងហ្គោលី ដែលត្រូវគេស្គាល់ថាជាទីតាំងផលិតធ្យូងថ្មធំជាងគេទី ២ ក៏បានបញ្ជាឱ្យអណ្តូងរ៉ែធ្យូងថ្មរាប់សិបកន្លែងរបស់ខ្លួន បង្កើនទិន្នផលនៃការផលិត កាលពីដើមខែនេះផងដែរ ៕

ប្រភព: CNN