ធនាគាររុស្សុីមួយចំនួនត្រូវបានបណ្តេញចេញពីប្រព័ន្ធហិរញ្ញវត្ថុ សកល ដែលនឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ី

អន្តរជាតិ

ខណៈដែលស្ថានភាពកាន់តែធ្ងន់ធ្ងរក្នុងសង្រ្គាមរុស្សុី-អ៊ុយក្រែន នៅប៉ុន្មានថ្ងៃនេះ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា នៅថ្ងៃអាទិត្យសប្តាហ៍នេះ បានសម្រេចបណ្តេញធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធហិរញ្ញវត្ថុ សកល ហៅកាត់ថា SWIFT។ ក្នុងសេចក្តី​ថ្លែងការណ៍​និយាយ​ថា វិធានការ​ថ្មី​នេះជាផ្នែកមួយនៃការបង្កើនការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលនៅតែបន្តបើកការវាយប្រហារលើអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីថ្លែងការណ៍ពីប្រទេសទាំងនោះចេញផ្សាយសារព័ត៌មាន ANADOLU បាននិយាយថា៖ «យើងមេដឹកនាំមកពី គណៈកម្មការអឺរ៉ុប បារាំង អាល្លឺម៉ង់ អ៉ីតាលី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក នឹងឱ្យរុស្ស៊ីទទួល ខុសត្រូវ ហើយធានាថាសង្រ្គាមនេះគឺជាយុទ្ធសាស្ត្របរាជ័យរបស់លោក ពូទីន ទៅលើប្រទេសអធិបតេយ្យ និងប្រជាជនអ៊ុយក្រែន» ។

តាមរយៈសេចក្តីថ្លែងការណ៍ដដែរនេះបានបញ្ជាក់ថា នៅពេលដែលកងកម្លាំងរុស្ស៊ីធ្វើការវាយប្រហារទៅលើទីក្រុង គៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន យើងបានសម្រេចចិត្តបន្តដាក់បន្ទុកលើប្រទេសរុស្ស៊ី ដែលនឹងធ្វើឱ្យរុស្ស៊ីកាន់តែឯកោពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងសេដ្ឋកិច្ចរបស់យើង។

ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula Von der Leyen បាននិយាយថា លោកស្រីនឹងស្នើវិធានការថ្មីដល់មេដឹកនាំសហភាពអឺរ៉ុប ដើម្បី «ពង្រឹងការឆ្លើយតបរបស់យើងចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន»។

លោក​ស្រី​បាន​បន្ត​ថា​៖ «​ទី​ពីរ យើង​នឹង​ធ្វើ​​ការរឹតត្បិតលើទ្រព្យសម្បត្តិបម្រុងរបស់ធនាគារកណ្ដាលរុស្ស៊ី ហើយដែលនឹងត្រូវបានអនុវត្តក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ»។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានសរសេរនៅលើ Twitter ថា «សូមកោតសរសើរចំពោះការគាំទ្រ និងជំនួយពិតប្រាកដរបស់អ្នកនៅក្នុងពេលវេលាដ៏ខ្មៅងងឹតនេះ។ ប្រជាជនអ៊ុយក្រែននឹងមិនភ្លេចរឿងនេះឡើយ»។

សូមជម្រាបថា ប្រព័ន្ធហិរញ្ញវត្ថុសកល ឬ SWIFT គឺជាប្រព័ន្ធផ្ទេរសកលដែលភ្ជាប់ស្ថាប័នហិរញ្ញវត្ថុរាប់ពាន់ជុំវិញពិភពលោក៕