ប្រធានាធិបតីអ៊ុយក្រែន៖ ប្រទេសដែលវាយប្រហារជនស៊ីវិលមិនគួរជាសមាជិករបស់អង្គការសហប្រជាជាតិ

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា អ៊ុយក្រែនមិនទាន់សម្រេចបានលទ្ធផលវិជ្ជមានណាមួយដែលខ្លួនចង់បាននៅក្នុងការចរចាជាមួយរុស្ស៊ីនៅឡើយ។ នៅក្នុងសុន្ទរកថា ទៅកាន់ប្រជាជាតិ លោក Volodymyr Zelenskyy បាននិយាយថា អ៊ុយក្រែនកំពុងទទួលរងនូវការទម្លាក់គ្រាប់បែកពីកងទ័ពរុស្សុី ខណៈពេលដែលកិច្ចពិភាក្សាកំពុងប្រព្រឹត្តទៅនៅប្រទេសបេឡារុស្សរវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាសែត ANADOLU បានដកស្រង់សម្តីរបស់លោក Zelenskyy ដោយបានចោទថា កងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកមកលើទីក្រុង Kharkiv ដោយគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់។

លោកថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា “នេះច្បាស់ជាឧក្រិដ្ឋកម្មសង្គ្រាម គៀវ គឺជាទីក្រុងដែលមានសន្តិភាព មាន​តំបន់​លំនៅឋាន​ស្ងប់ស្ងាត់ គ្មាន​កន្លែង​យោធា នេះជាការបំផ្លិចបំផ្លាញមនុស្សដោយចេតនា”។

ប្រធានាធិបតីអ៊ុយក្រែនបន្ថែមថា “នេះគឺជាការរំលោភលើអនុសញ្ញាអន្តរជាតិទាំងអស់ ហើយលោកគូសញ្ជាក់ថា តុលាការ​អន្តរជាតិ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ឧក្រិដ្ឋកម្ម​នេះ»។

យ៉ាងណាបើតាមលោក Zelenskyy ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយកាំជ្រួចចំនួន ៥៦ដង និងបានបាញ់មីស៊ីល ១១៣ គ្រាប់ប្រឆាំងនឹងអ៊ុយក្រែនក្នុងរយៈពេល ៥ថ្ងៃកន្លងមក។

ជាការកត់សម្គាល់ ការវាយប្រហារដោយគ្រាប់រ៉ុក្កែតចំនួន បីលើកត្រូវបានធ្វើឡើងលើរដ្ឋធានី គៀវ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ លោកបាននិយាយបន្ថែមទៀតថា កងកម្លាំងបំផ្លិចបំផ្លាញរបស់រុស្ស៊ី គ្រោងនឹងកាត់ផ្តាច់ចរន្តអគ្គិសនីទៅកាន់ទីក្រុង។

ប្រធានាធិបតីអ៊ុយក្រែនបាននិយាយបញ្ជាក់បន្ថែមទៀតថា ប្រទេសដែលវាយប្រហារជនស៊ីវិលមិនគួរជាសមាជិករបស់អង្គការសហប្រជាជាតិ។ លោកបានអំពាវនាវឱ្យបិទកំពង់ផែដឹកជញ្ជូនតាមសមុទ្រ និងអាកាសយានដ្ឋានទាំងអស់នៅជុំវិញពិភពលោកផងដែរ៕