ទីម័រខាងកើត រំពឹង​ក្លាយ​ជា​សមាជិក​អាស៊ាន​ពេញសិទ្ធ ពេលដៃគូពាណិជ្ជកម្មក្លាយជាប្រធានអាស៊ាន

អន្តរជាតិ

ប្រធានាធិបតីរបស់ប្រទេសទីម័រខាងកើត លោក Jose Ramos-Horta បាននិយាយកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ដោយសង្ឃឹមថាការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសខ្លួន និងឥណ្ឌូនេស៊ី អាចនឹងធ្វើឱ្យទីម័រចូលជាសមាជិករបស់អាស៊ាន នៅឆ្នាំក្រោយនេះ នៅពេលដែលឥណ្ឌូនេស៊ី ក្លាយជាប្រធានអាស៊ាន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ramos-Horta បានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើកដំបូងទៅកាន់ប្រទេសជិតខាងមួយនេះ ចាប់តាំងពីលោក ត្រូវបានបោះឆ្នោតជ្រើសរើស កាលពីខែមេសា សម្រាប់អាណត្តិទីពីររបស់ខ្លួន ក្នុងនាមជាប្រធានាធិបតីទីម័រខាងកើត ។

ជាមួយគ្នានេះផងដែរ លោក Ramos-Horta បាននិយាយថា ៖ ” ទីម័រខាងកើត ដែលជាផ្នែកមួយនៃតំបន់អាស៊ីអាគ្នេយ៍ បានបំពេញនូវតម្រូវការជាច្រើន ដែលចាំបាច់សម្រាប់ដំណើរការសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ ដូច្នេះទីម័រខាងកើតស័ក្តិសមក្លាយជាសមាជិកអាស៊ាន ប្រកបដោយប្រ​សិទ្ធិ​ភាព” ។

ប្រធានាធិបតីទីម័រខាងកើតរូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រទេសវ័យក្មេងរបស់លោក អាចចូលរួមនៅក្នុងសមាជិកអាស៊ានបាន នៅពេលដែលឥណ្ឌូនេស៊ី ឡើងកាន់តំណែងជាប្រធានអាស៊ាន នៅឆ្នាំក្រោយ ខណ:ប្រទេសដីកោះមួយនេះ បានដាក់ពាក្យចូលរួមជាសមាជិក នៅក្នុងឆ្នាំ ២០១១ មកម្លេះ ហើយបច្ចុប្បន្នមានឋាន:ជាអ្នកសង្កេតការណ៍ ។

ទន្ទឹមនឹងនេះ ដោយថ្លែងនៅវិមានប្រធានាធិបតី ក្នុងទីក្រុង Bogor ភាគខាងត្បូងនៃទីក្រុងហ្សាកាតា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Widodo បាននិយាយថា ប្រទេសរបស់លោក បានបណ្តាក់ទុនចំនួន ៨១៨ លានដុល្លារ នៅក្នុងប្រទេសទីម័រខាងកើត ដែលភាគច្រើនផ្តោតទៅក្នុងអាជីវកម្មថាមពល ធនាគារ និងទំនាក់ទំង ។

បន្ថែមពីនេះ យោងតាមទិន្នន័យផ្លូវការមួយរបស់ឥណ្ឌូនេស៊ី បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទំាំង ២ មានតម្លៃប្រហែល ២៥០ លានដុល្លារ កាលពីឆ្នាំមុន ។

គួរឱ្យដឹងថា នៅក្នុងអំឡុងឆ្នាំ ២០២០ ឥណ្ឌូនេស៊ី បានបង្កើតទំហំពាណិជ្ជកម្មជាមួយប្រទេសទីម័រខាងកើត ជាមួយនឹងការនាំចេញគ្រឿងឧបភោគបរិភោគ (៦៦,៧ លានដុល្លារ)​ , ការដឹកជញ្ជូន (៣០,៨ លាដុល្លារ) និងផលិតផលគីមី (១៨,២ លានដុល្លារ) ។

ដោយឡែកសម្រាប់ការនាំចេញរបស់ទីម័រខាងកើត មកកាន់ប្រទេសឥណ្ឌូនេស៊ីវិញ ក៏មានការកើនឡើងដូចគ្នា ជាមួយនឹងការនាំចេញផលិផលបន្លែ (២,២៨ លានដុល្លារ) , លោហ:ធាតុ (៩១ ៣០០ ដុល្លារ) និងគ្រឿងឧបភោគបរិភោគ (៥១ ៦០០​ ដុល្លារ) ។

ជាងនេះទៅទៀត នៅក្នុងកិច្ចប្រជុំទ្វេភាគី គណៈប្រតិភូនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ៤ ស្តីពីវិស័យកសិកម្ម ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ស្តង់ដារ និងម៉ែត្រក្រឡា ព្រមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មផងដែរ ៕