វិស័យអចលនទ្រព្យចិនកាន់តែអាក្រក់ទៅៗ ខណ:ការលក់ផ្ទះ អាចធ្លាក់ចុះដល់ជាង ២០% នៅឆ្នាំនេះ

អន្តរជាតិ

យោងតាមការស្ទង់មតិរបស់ក្រុមអ្នកវិភាគ បាននិយាយថា ការលក់ផ្ទះនៅក្នុងប្រទេសចិន អាចធ្លាក់ចុះដល់ជាង ២០% នៅឆ្នាំនេះ ស្របពេលដែលបញ្ហាក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសមួយនេះ នៅតែត្រូវបានគេរំពឹងថា នឹងធ្លាក់ចូលទៅក្នុងស្ថានភាពកាន់តែងអាក្រក់ទៅៗ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការស្ទង់មតិរបស់អ្នកវិភាគ និងសេដ្ឋវិទូជាង ១០ នាក់ នៅចន្លោះថ្ងៃទី ២៩ ខែសីហា ដល់ថ្ងៃទី ២ ខែកញ្ញា បានបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា​ នឹងធ្លាក់ចុះ ១,៤% នៅឆ្នាំ ២០២២ នេះ​ ។

ជាងនេះទៅទៀត ការលក់អចលនទ្រព្យ ក៏ត្រូវបានគេមើលឃើញថា នឹងធ្លាក់ចុះដល់ ២៤,៥% ផងដែរ នៅក្នុងឆ្នាំ ២០២២ នេះ ដែលជាការធ្លាក់ចុះធំបំផុត ពោលគឺច្រើនជាងការព្យាករទុក ដែលអាចធ្លាក់ចុះ ១០ % នៅក្នុងការស្ទង់មតិកាលពីខែឧសភា ។

គួរឱ្យដឹងថា វិស័យអចលនទ្រព្យ ដែលមានចំនួនប្រហែលមួយភាគបួន នៃសេដ្ឋកិច្ចរបស់ប្រទេសចិនទាំងមូល បានធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមួយ ចាប់តាំងពីរដូវក្តៅ ឆ្នាំ ២០២០ មក នៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍ធំៗជាច្រើន ខកខានក្នុងការសងបំណុលរបស់ពួកគេ រហូតដល់ការបញ្ឈប់គម្រោងសាងសង់ និងបានធ្វើឱ្យអ្នកទិញផ្ទះ ចាប់ផ្តើមធ្វើកូដកម្មមិនព្រមបង់ថ្លៃផ្ទះ ផងដែរ ។

បញ្ជាក់ផងដែរថា ដើម្បីសម្រាលដល់វិបត្តិនេះ អាជ្ញាធរប្រទេសចិន បានចាត់វិធានការជាបន្តបន្ទាប់ នៅឆ្នាំនេះ ខណ:ទីក្រុងជាង ២០០ បានដាក់ចេញនូវវិធានការ ដើម្បីជួយដល់វិស័យអចលនទ្រព្យ ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ ស្របពេល ធនាគារកណ្តាលរបស់ប្រទេសចិន ក៏បានកាត់បន្ថយអត្រាការប្រាក់កម្ចីគោលផងដែរ នៅថ្ងៃទី ២២ ខែសីហា ដើម្បីកាត់បន្ថយការចំណាយសម្រាប់អ្នកទិញផ្ទះ ៕