រដ្ឋាភិបាលថៃ គ្រោងសាងសង់ស្ពានពីរខ្សែ ជាមួយការចំណាយសរុបជាង ១៧២ លានដុល្លារ

អន្តរជាតិ

រដ្ឋមន្ត្រីថៃ លោក Saksayam Chidchob បាននិយាយថា ក្រសួងដឹកជញ្ជូននឹងធ្វើការវិនិយោគទឹកប្រាក់ប្រមាណ ៦,៦ ពាន់លានបាត (ប្រហែលជាង ១៧២ លានដុល្លារ) នៅក្នុងគម្រោងសាងសង់ស្ពានចំនួន ២ ខ្សែ នៅភាគខាងត្បូងប្រទេស បន្ទាប់ពីទទួលបានការយល់ព្រមដោយគណ:រដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Saksayam បាននិយាយថា នាយករដ្ឋានផ្លូវជនបទ នឹងចាប់ផ្តើមធ្វើការត្រួតពិនិត្យលើគម្រោងស្ពានទាំងនេះ ដោយក្នុងនោះស្ពានមួយខ្សែ ដែលត្រូវតភ្ជាប់ពីខេត្ត Phatthalung ទៅកាន់ខេត្តសុងក្លា នឹងត្រូវចំណាយទឹកប្រាក់សាងសង់សរុប ៤,៨ ពាន់លានបាត និងមួយខ្សែទៀត តភ្ជាប់ពីខេត្តក្រាប៊ី ទៅកាន់កោះ Lanta ដែលមានតម្លៃសាងសង់ ១,៨៥ ពាន់លានបាត ។

រដ្ឋមន្ត្រីរូបនេះ បានបន្ថែមទៀតថា គម្រោងស្ពានទាំងពីរនេះ នឹងជួយលើកកម្ពស់គុណភាព ក្នុងការរស់នៅរបស់អ្នកស្រុក នៅក្នុងតំបន់ទាំងនោះ ហើយក៏នឹងអាចកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើនផងដែរ ហើយអ្នកស្រុកអាចធ្វើដំណើរទៅកាន់ដីគោកបាន ដោយភាពងាយស្រួល ជាពិសេសនៅពេលត្រូវដឹកអ្នកជំងឺទៅមន្ទីរពេទ្យ។

លើសពីនេះ បើយោងតាមលោក Saksayam បានសង្កត់ធ្ងន់ទៀតថា ស្ពានទាំងពីរនេះ នឹងបម្រើជាទីតាំងសម្គាល់ថ្មីនៅភាគខាងត្បូងប្រទេស និងជួយជំរុញទេសចរណ៍នាពេលអនាគត ខណ:ការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៦ ៕