Tesla បិទ Showroom រថយន្តនៅចិនលើកដំបូង ចំពេលរដ្ឋាភិបាលរឹតបន្តឹងវិធានការកូវីដ ១៩

អន្តរជាតិ

កាលពី​ថ្ងៃទី ០២ វិច្ឆិកា​កន្លងទៅ សារព័ត៌មាន CNA បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី​ Tesla បាន​ប្រកាសបិទ Showroom រថយន្តនៅទីក្រុងប៉េកាំង បន្ទាប់ពី​បើកដំណើរការ​អស់រយៈពេល​ជិត ១០ ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល​បន្ថែមថា Showroom នៅទីក្រុងប៉េកាំង​នេះ គឺ​ជា​ការ​ចាប់ផ្ដើម​ដំបូង​របស់ Tesla លើទីផ្សារ​ចិន ហើយ​បន្ទាប់​ពីផុតកុងត្រា​ជួល​កន្លែង ក្រុមហ៊ុន​ក៏​សម្រេចចិត្ត​បិទ​វា ដោយសារ​ចង់​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រលក់ថ្មី ស្របពេល​រដ្ឋាភិបាល​រឹតបន្តឹង​វិធានការ​ទប់ស្កាត់​កូវីដ ១៩ ផង បណ្ដាល​ឲ្យ​ការ​លក់​នៅ​ទីនោះ​មាន​ការ​ធ្លាក់ចុះ​។

សូមជម្រាបដែរថា ក្រុមហ៊ុន Tesla មាន Showroom ច្រើនជាង ២០០ កន្លែង​ទូទាំង​ប្រទេសចិន ហើយ​ទីតាំង​ដែល​បាន​បិទ​ថ្មីៗនោះ គឺ​ស្ថិតនៅ​ផ្សារទំនើប Parkview Green នៅទីក្រុងប៉េកាំង។

គួររំលឹក​ដែរថា ក្រុមហ៊ុន Tesla ទំនង​ជា​អាច​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​លក់​រថយន្ត​ថ្មី បន្ទាប់​ពី​ការ​លក់​ធ្លាក់ចុះ ដោយសារ​រថយន្ត Tesla ទាំងអស់​គឺ​មិនមាន​លក់​នៅ​តាម​ហាងលក់​រថយន្ត​ទូទៅ​ឡើយ ពោល​គឺ​ក្រុមហ៊ុន​ជា​អ្នកលក់​ដោយផ្ទាល់ ដែល​មាន​ន័យថា Tesla ដើរតួជា​អ្នកផលិតផង និង​ជាអ្នកលក់រាយ​ផង៕