ក្រុមហ៊ុនខ្នាតយក្សវៀតណាម និងចិន ចាប់ដៃគ្នាបង្កើតរោងចក្រផលិតអាគុយធំបំផុតមួយ នៅអាស៊ីអាគ្នេយ៍

អន្តរជាតិ

កាលពីទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុនមេ Vingroup បាននិយាយថា VinES Energy Solutions ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Vingroup JSC និងក្រុមហ៊ុន Gotion High-Tech របស់ប្រទេសចិន បានចាប់ផ្តើមដំណើរការសាងសង់រោងចក្រផលិតអាគុយ តម្លៃ ២៧៥ លានដុល្លារ នៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Vietnam Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយបាននិយាយទៅកាន់សេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនខាងលើ បានបង្ហាញឱ្យដឹងថា រោងចក្រដ៏ធំមួយនេះ នឹងសាងសង់ឡើង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Vung Ang ស្ថិតនៅភាគកណ្តាលនៃខេត្ត Ha Tinh ហើយនៅពេលបញ្ចប់ការសាងសង់ រោងចក្រនេះ នឹងអាចផលិតអាគុយប្រភេទ Lithium iron Phosphate (LFP) បានចំនួន ៣០ លាន ជារៀងរាល់ឆ្នាំ។

គួរឱ្យដឹងផងដែរថា អាគុយប្រភេទនេះ នឹងយកទៅប្រើប្រាស់សម្រាប់រថយន្តអគ្គិសនី និងប្រព័ន្ធផ្ទុកថាមពល ស្របពេលក្រុមហ៊ុន Vingroup បានបន្ថែមថា រោងចក្រនេះ គ្រោងនឹងផ្តើមផលិតអាគុយជាលើកដំបូង នៅត្រីមាសទីបី ឆ្នាំក្រោយ ។

មិនតែប៉ុណ្ណោះ រោងចក្រនេះ​ ក៏នឹងជួយបំពេញតម្រូវការអាគុយ សម្រាប់ VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់ក្រុមហ៊ុនមេ Vingroup ផងដែរ ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហ៊ុន VinFast បានប្រកាសថា ខ្លួនបានធ្វើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនលក់រថយន្តរបស់សហរដ្ឋអាមេរិក Autonomy ដើម្បីផ្គត់ផ្គង់រថយន្តអគ្គិសនីរបស់ខ្លួនច្រើនជាង ២ ៥០០ គ្រឿង ខណ:នេះគឺជាការបញ្ជាទិញដ៏ធំបំផុតមួយ សម្រាប់ក្រុមហ៊ុនវៀតណាម គិតទល់នឹងពេលនេះ ៕