មហាសេដ្ឋីម៉ាឡេស៊ីត្រូវនិរទេសទៅចិន ធ្លាប់ស្អុយឈ្មោះរាប់ឆ្នាំនៅប្រទេសកំណើត

អន្តរជាតិ

ថ្មីៗនេះ ប៉ូលីសថៃ បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន Bernama ថា អ្នកជំនួញរត់ភៀសខ្លួនជនជាតិម៉ាឡេស៊ី លោក Teow Wooi Huat នឹងត្រូវនិរទេសខ្លួនចេញពីប្រទេសថៃ ទៅកាន់ប្រទេសចិន មុនដំណាច់ខែធ្នូនេះ ក្រោមសំណើធ្វើបត្យាប័ន ដោយអាជ្ញាធរចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា លោក Teow ឬត្រូវបានគេស្គាល់ថា Teddy ត្រូវបានតម្រួតថៃចាប់ឃាត់ខ្លួនបាន នៅថ្ងៃទី ២២ ខែកក្កដា កន្លងទៅ នៅក្នុងទីក្រុង Dan Nok ដែលស្ថិតនៅព្រំដែនជាប់ស្រុក Sadao ខេត្ត Songkhla ប្រទេសថៃ ពីបទលាងលុយកខ្វក់ ជុំវិញការបើកអាជីវកម្មល្បែងស៊ីសង តាមអ៊ីនធឺណិត ដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃ ។

យ៉ាងណាមិញ មុនឈានទៅការចាប់ខ្លួនបែបនេះ លោក Teow បានលេចឡើងនៅលើទំព័រមុខសារព័ត៌មានច្រើនលើករួចមកហើយ ជុំវិញករណីឆបោករបស់លោក ចាប់តាំងពីឆ្នាំ ២០០៨ មក ។

លោក Teow ត្រូវបានគេដឹងថាជាមេ​ខ្លោង​ ក្នុងករណីឆបោកតាមរយ:ការលក់ហ្វ្រេនឆាយហាងកាហ្វេ Island Red Cafe ចាប់តាំងពីឆ្នាំ ២០០៨ ដល់ ២០១០។ ហើយនៅក្រោយពេលរឿងនេះត្រូវបានបែកធ្លាយ លោក Teow និងកូនប្រុសរបស់លោក ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ី ​ដាក់ទោស​ឱ្យជាប់ពន្ធធនាគាររយ:ពេលមួយថ្ងៃ និងបានពិន័យជាទឹកប្រាក់ប្រមាណជាង ៣៦ ០០០ ដុល្លារ ។

មិនតែប៉ុណ្ណោះ រហូតដល់ឆ្នាំ ២០១៨ លោក Teow ត្រូវបានចាប់ឃាត់ខ្លួនសារថ្មីម្តងទៀត ដោយត្រូវបានរដ្ឋាភិបាលពិន័យជាទឹកប្រាក់ជាង ៦៨០ ០០០ ដុល្លារ ពីបទពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន MBI International Sdn Bhd របស់លោក ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៩ ។

ជាក់ស្តែងក្រុមហ៊ុន MBI ត្រូវបានគេដឹងថាជាក្រុមហ៊ុនឆបោកមួយតាមរយ:ប្រព័ន្ធអ៊ីនធឺណិត ក្នុងទម្រង់ជាអាជីវកម្មរាងពីរ៉ាមីត ស្របពេលសារព័ត៌មាន SCMP របស់ចិន ក៏ធ្លាប់បានចុះផ្សាយថា ក្រុមហ៊ុនមួយនេះ ក៏ជាទីកន្លែង ដែលប្រជាជនចិនដាក់លុយចូលរាប់រយលានដុល្លារ តាមរយ:ការវិនិយោគផ្សេងៗផងដែរ ។

នៅឆ្នាំ ២០១៩ ភាពល្បីល្បាញរបស់លោក Teow មិនទាន់ស្ងប់ស្ងាត់នោះឡើយ ខណៈគ្រានោះជនជាតិចិនរាប់រយនាក់ ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី បានធ្វើបាតុកម្មនៅមុខស្ថានទូតចិន ក្នុងទីក្រុងកូឡាឡាំពួរ ដើម្បីសុំជំនួយពីរដ្ឋាភិបាលចិន ក្នុងការទាមទារយកលុយរបស់ពួកគេវិញ បន្ទាប់ពីបានចាក់ចូលទៅក្នុងការវិនិយោគ នៅក្រុមហ៊ុន MBI International ។

លុះដល់ឆ្នាំ ២០២១ ប៉ូលីសចិន បានចេញសន្និសីទសារព័ត៌មានមួយ ដើម្បីជូនដំណឹងថា ពួកគេកំពុងតាមចាប់ខ្លួន លោក Teow និងកូនប្រុសរបស់គាត់ពីរនាក់ទៀត ដែលបានរត់គេចខ្លួន ក្រោយពីមានការបង្គ្រាបករណីឆបោកដ៏ធំមួយ នៅទីក្រុងម៉ាកាវ ។

ហើយរហូតដល់ឆ្នាំ ២០២២ នេះ ទើបមានដំណឹងថា ប៉ូលីសរបស់ប្រទេសថៃ ចាប់ឃាត់ខ្លួនលោក Teow បាន នឹងកំពុងត្រៀមបញ្ជូនគាត់ទៅកាន់ប្រទេសចិន តាមការស្នើសុំ ដើម្បីធ្វើនិតិវិធីតាមច្បាប់បន្តទៀត ៕