រដ្ឋាភិបាលឥណ្ឌូនេស៊ី បញ្ចេញមូលនិធិជិត ៥០០ លានដុល្លារ ជួយ​ស្តា​ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋ Garuda Indonesia បានទទួលមូលនិធិចំនួន ៤៨០ លានដុល្លារ ពីរដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីជួយពន្លឿនកម្មវិធីស្តាឡើងវិញ ចំពេលឧស្សាហកម្មអាកាសចរណ៍កំពុងចាប់ផ្តើមងើបឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកប្រតិបត្តិក្រុមហ៊ុន Garuda លោក Irfan Setiaputra បាននិយាយថា ការផ្តល់ជូនមូលនិធិថ្មីនេះ គឺបានកើតឡើង នៅពេលដែលមានការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ ជាពិសេសទៅលើវិស័យទេសចរណ៍ ដែលកំពុងទទួលបានសន្ទុះកើនឡើងខ្លាំង ។

លើសពីនេះ លោក Irfan បានបន្ថែមទៀតថា ទឹកប្រាក់ជំនួយនេះ នឹងត្រូវប្រើប្រាស់ ដើម្បីស្តាជើងហោះហើរ ក៏ដូចជាផ្តល់ហិរញ្ញប្បទានដល់ការថែទាំងយន្តហោះ ការទិញគ្រឿងបន្លាស់ និងគាំទ្រដល់លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន។

ទន្ទឹមនឹងនេះ គណ:គ្រប់គ្រងរបស់ក្រុមហ៊ុន Garuda ក៏បានប្រកាសអំពីហិច្ឆតារបស់ខ្លួន ក្នុងការប្រែក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានផលចំណេញ និងផ្តល់ជូនសេវាកម្មហោះហើរពេញលេញ ចំពេលចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស កំពុងឈានទៅរកកម្រិតដូចគ្នា កាលពីមុនមានជំងឺរាតត្បាតកូវីដ-១៩ ។

ជម្រាបជូនផងដែរថា ក្នុងអំឡុងត្រីមាសទី ៣ ឆ្នាំនេះ ក្រុមហ៊ុន Garuda Group បានដឹកជញ្ជូនអ្នកដំណើរចំនួន ១០,៥ លាននាក់ ដែលកើនឡើង ៦១% បើធៀបទៅនឹងត្រីមាសទីមួយ។ ក្នុងរយ:ពេលដូចគ្នានេះ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនក៏បានកើនឡើងដល់ ១,៥ ពាន់លានដុល្លារផងដែរ ពីចំនួន ៩៣៩ លានដុល្លារ ៕