មកស្គាល់មហាសេដ្ឋីកសិកម្មមានបំផុតទាំង ៥ លើពិភពលោក

អន្តរជាតិ

កសិកម្មត្រូវបានចាត់ទុកថាជាវិស័យដ៏ធំបំផុតមួយ នៅក្នុងចំណោមវិស័យផ្សេងទៀត ហើយបើក្រឡេកទៅលើមើលប្រទេសដែលមានភាពជឿនលឿនទៅលើវិស័យនេះទៀតសោត អ្នកនឹងច្បាស់ជាឃើញមហាសេដ្ឋីជាច្រើន កំពុងសំងំកើបលុយបានរាប់ពាន់លានដុល្លារ ពីការវិនិយោគទៅលើវិស័យកសិកម្មនេះមិនខាន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមយោងតាមបញ្ជីអ្នកមានបំផុត ដែលចេញផ្សាយដោយទស្សនាវដ្តី Forbes ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានជាងគេបំផុតទាំង ៥ រូប នៅលើពិភពលោក ដែលកំពុងសម្រេចបាន​សមិទ្ធផល​ដ៏អស្ចារ្យ ពីការផ្តោតទៅលើវិស័យកសិកម្មជាចម្បង ។

១. Qin Yinglin

លោក Qin ជាប្រធានក្រុមហ៊ុន Muyuan Foodstuff ដែលផ្តោតលើអាជីវកម្មបង្កាត់ពូជជ្រូកដ៏ធំបំផុត នៅក្នុងប្រទេសចិន និងជាក្រុមហ៊ុនផ្តត់ផ្គង់សម្រាប់ទីផ្សារសាច់ជ្រូកដ៏ធំបំផុតរបស់ពិភពលោកផងដែរ។ ដោយមានជំនាញផ្នែកចិញ្ចឹងសត្វពីសកលវិទ្យាល័យហឺណាន លោក Qin បានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៩២ មកម្លេះ ហើយរហូតមកដល់ពេលនេះ ទ្រព្យសម្បត្តិសរុបរបស់លោក ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២២,៩ ពាន់លានដុល្លារ ។

២. Liu Yongxing

លោក Liu ក៏ត្រូវបានចាត់ទុកថាជាកសិករដែលមានទ្រព្យសម្បត្តិច្រើនបំផុតមួយលើលោកផងដែរ បន្ទាប់ពីលោកបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ឈ្មោះថា East Hope Group នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ។ ក្រុមហ៊ុននេះ មានឯកទេសក្នុងការផលិតចំណីសត្វ សម្រាប់ជ្រូក មាន់ ទា និងត្រីជាដើម ហើយផលិតផលរបស់ក្រុមហ៊ុនលោក Liu មិនត្រឹមតែលក់នៅក្នុងទីផ្សារក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏នៅមានក្នុងប្រទេសមួយចំនួនផ្សេងទៀត ដូចជា វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី និងកម្ពុជាផងដែរ ។ ចំពោះទ្រព្យសម្បត្តិសរុបរបស់លោក Liu ត្រូវបានប៉ាន់ស្មានថាមានចំនួន ១២ ពាន់លានដុល្លារ ។

៣. Prince Sultan bin Mohammed bin Saud Al Kabeer

ដោយជាសមាជិកម្នាក់នៃគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Sultan Al Kabeer បានបង្កើតក្រុមហ៊ុនផលិតទឹកដោះគោ Almarai ក្នុងឆ្នាំ ១៩៧៧។ រហូតដល់ឆ្នាំ ២០០៥ ព្រះអង្គបានធ្វើឱ្យក្រុមហ៊ុននេះ ក្លាយទៅជាក្រុមហ៊ុនវិនិយោគជាសាធារណ: ជាមួយនឹងការរក្សាទុកភាគហ៊ុន ២៤%។ ក្រៅពីកសិដ្ឋានទឹកដោះគោនេះហើយ ព្រះអង្គម្ចាស់ Sultan Al Kabeer ក៏ជាម្ចាស់កសិដ្ឋានធំមួយផ្សេងទៀត នៅខាងក្រៅរាជធានី Riydah ផងដែរ ដែលជាកន្លែងចិញ្ចឹម និងហ្វឹកហាត់សេះប្រហែល ១០០ ក្បាល។ ចំពោះទ្រព្យសម្បត្តិសរុបរបស់ព្រះអង្គម្ចាស់  Sultan Al Kabeer មានប្រមាណ ៨ ពាន់លានដុល្លារ ។

៤. Harry Stine

ដោយធំដឹងក្តីត្រឹមជាកូនកសិករមួយរូប លោក Harry បានតស៊ូ និងពុះពារឧបសគ្គជាច្រើន ដើម្បីក្លាយជាបុគ្គលម្នាក់ ដែលអាចរកទ្រព្យសម្បត្តិច្រើនបំផុតមួយ ពីជំនាញក្នុងការបង្កើតហ្សែនពោត និងសណ្តែកសៀង។ តាមរយ:សមត្ថភាពនេះហើយ បានធ្វើឱ្យលោក បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយឈ្មោះ Stine Seeds ដែលជាក្រុមហ៊ុនផលិតគ្រាប់ពូជឯកជនដ៏ធំបំផុតមួយ នៅលើពិភពលោក។ ទ្រព្យសម្បត្តិសរុបរបស់លោក Stine ត្រូវបានគេដឹងថាមានចំនួនប្រមាណ ៧,៨ ពាន់លានដុល្លារ ។

៥. Stewart Resnick & Lynda

ប្តីប្រពន្ធមួយគូនេះ ត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិសរុបប្រមាណ ៥ ពាន់លានដុល្លារ ពីការដាំដុះផ្លែអាល់ម៉ុន ក្រូច និងក្រូចថ្លុង នៅលើដី​ចម្ការ​របស់ពួកគាត់ ដែលស្ថិតនៅ Central Valley of California និងនៅ South Texas។ ស្ទើតែពាក់កណ្តាលទៅហើយនៃសហរដ្ឋអាមេរិក ដែលបានទិញផលិតផលកសិកម្មរបស់ពួកគាត់។ បន្ថែមពីលើអាជីវកម្មលើវិស័យកសិកម្ម គ្រួសារលោក Resnick ក៏មានភាគហ៊ុនភាគជាច្រើននៅក្នុងក្រុមហ៊ុន Kern Water Bank ផងដែរ ដែលជាកន្លែងស្តុកទឹកក្រោមដីដ៏ធំបំផុតមួយ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។