កូរ៉េខាងត្បូង នឹងបង្កើនចំនួនជើងហោះហើរទៅកាន់ប្រទេសចិនបន្ថែមទៀត នៅចុងខែនេះ

អន្តរជាតិ

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Han Duck-soo បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសរបស់ខ្លួន នឹងបង្កើនចំនួនជើងហោះហើរចូលទៅកាន់ប្រទេសចិន ឱ្យដល់ ៨០ ជើង ក្នុងមួយសប្តាហ៍ ពីចំនួន ៦២ ជើង នៅចុងខែនេះ ។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Han បាននិយាយ ក្នុងអំឡុពេលកិច្ចប្រជុំស្តីពីការឆ្លើយតប ទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ថា៖ ” យើងនឹងបង្កើនចំនួនជើងហោះហើរបណ្តើរៗ ឱ្យដល់ ១០០ ជើង ក្នុងមួយសប្តាហ៍ ចាប់ពីខែក្រោយទៅ ដូចដែលបានព្រមព្រៀងគ្នា ដោយប្រទេសទាំងពីរ ហើយយើងនឹងពិនិត្យមើលការបង្កើនឡើងបន្ថែមទៀត ” ។

ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលចិន បានបញ្ជាក់ថាខ្លួននឹងដោះស្រាយជុំវិញការចេញទិដ្ឋាការរយ:ពេលខ្លី សម្រាប់អ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃសៅរ៍ទៅ ខណ:រដ្ឋាភិបាលកូរ៉េខាងត្បូងវិញ ក៏បានលុបចោលការទប់ស្កាត់ទិដ្ឋាការស្រដៀងគ្នានេះផងដែរ កាលពីសប្តាហ៍មុន ។

គួរឱ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចដកចេញវិធានការទប់ស្កាត់មួយចំនួន លើអ្នកដំណើរមកពីប្រទេសចិន បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចដកចេញនូវគោលនយោបាយកូវីដសូន្យរបស់ខ្លួន កាលពីពេលកន្លងទៅ ៕

មិនតែប៉ុណ្ណោះ បើតាមក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយ នៅក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំខែថា ចំនួនអ្នកទេសចរចិន ដែលបានមកដល់ប្រទេសខ្លួន នៅក្នុងខែមករា មានចំនួន ៣០ ៦៤៨ នាក់ ពោលគឺកើនឡើងច្រើនជាងបីដង ក្នុងខែដូចគ្នា កាលពីឆ្នាំមុន ៕