ឆ្នាំនេះប្លែក UN រៀបចំប្រធានបទថ្មីស្រឡាង អបអរទិវាសិទ្ធនារីអន្តរជាតិ

អន្តរជាតិ

កាលពីថ្ងៃទី ០៨ មីនាកន្លងទៅ គ្រប់ប្រទេសទូទាំងសកលលោកបានរៀបចំពិធីអបអរសាទរ​ទិវាសិទ្ធនារីអន្តរជាតិ ហើយក្នុងនោះអង្គការសហប្រជាជាតិ ហៅកាត់ UN បាន​រៀបចំ​ប្រធានបទ​ថ្មីស្រឡាងមួយ ដើម្បីប្រារព្ធពិធីមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី VOA បានបង្ហាញថា ប្រធានបទដែល UN រៀបចំជាពិសេស​សម្រាប់​ទិវាសិទ្ធនារីឆ្នាំនេះគឺមានឈ្មោះថា DigitALL: Innovation and technology for gender equality (ការច្នៃប្រឌិត និងបច្ចេកវិទ្យាសម្រាប់សមភាពយេនឌ័រ)។

UN ក៏បានបញ្ជាក់ថា ក្នុងសម័យកាលឌីជីថលបែបនេះ ស្ត្រីក៏បានចូលរួមចំណែកធំលើវិស័យ​បច្ចេកវិទ្យាផងដែរ ប៉ុន្តែការចូលរួមនោះមិនសូវទទួលបានការគាំទ្រទូលំទូលាយឡើយ។

អង្គការអន្តរជាតិខ្នាតយក្សនេះក៏បន្ថែមថា ស្ត្រី ៣៧% ទូទាំងសកលលោកមិនចេះប្រើប្រាស់​អ៊ីនធឺណិត ខណៈមានស្ត្រីតិចជាងបុរសប្រមាណ ២៥៩ លាននាក់ ដែលបានប្រើប្រាស់​អ៊ីនធឺណិត ស្របពេលចំនួនស្ត្រីមានស្ទើតែពាក់កណ្ដាលនៃប្រជាជនសរុបទូទាំងសកលលោក។

“ការណែនាំឲ្យស្ត្រីស្គាល់កាន់តែច្បាស់លើវិស័យបច្ចេកវិទ្យា នឹងបង្កើតផលប្រយោជន័ជាច្រើន ហើយវាអាចនឹងមានការច្នៃប្រឌិតកាន់តែខ្ពស់ ដើម្បីអាចបំពេញតម្រូវការរបស់ពួកគាត់ ក៏ដូចជា​ផ្សព្វផ្សាយកាន់តែទូលាយចំពោះសមភាពយេនឌ័រ”។ នេះបើតាមការសរសេរលើគេហទំព័រផ្លូវការ​របស់ UN។

ក្រឡេកទៅមើលពីប្រវត្តិនៃការចាប់កំណើតនៃទិវាសិទ្ធនារីអន្តរជាតិបន្តិច គឺកើតឡើងតំបូង​ក្នុងថ្ងៃទី ០៨ មីនា ១៨៥៧ ដែលគ្រានោះក្រុមបុគ្គលិកនារីនាំគ្នា ធ្វើបាតុកម្មប្រឆាំងនឹងលក្ខខណ្ឌ​ការងារ​ដែលមានភាព​លំអៀង និងសិទ្ធមិនស្មើគ្នានៅរោងចក្រសំលៀកបំពាក់ និងទាមទារឲ្យ​មាន​ការ​តំឡើងប្រាក់ខែ និងម៉ោងការងារតិចជាងមុន។

ក្រោយមកទៀត នៅថ្ងៃទី ០៨ មីនា ១៩០៨ ក្រុមបុគ្គលិកនារីបាន​នាំគ្នាធ្វើបាតុកម្ម​ម្ដងទៀតនៅ​ទីក្រុង New York ប្រឆាំងពលកម្មកុមារ សិទ្ធការងារ និងទាមទារសិទ្ធស្ត្រីក្នុងការបោះឆ្នោត។

ទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានប្រារព្វជាលើកដំបូងនៅថ្ងៃទី ១៩ មីនា ១៩១១ នៅប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងស្វីស ដែលគ្រានោះមានប្រជាជនរាប់លាននាក់ ចេញគាំទ្រលើសិទ្ធស្ត្រី។

ក្រោយពីចប់សង្គ្រាមលោកលើកទី ២ ប្រទេសជាច្រើនចាប់ផ្ដើមប្រារព្វទិវាសិទ្ធនារីអន្តរជាតិនៅ​ថ្ងៃទី ០៨ មីនា ហើយ ២ឆ្នាំក្រោយមក អង្គការសហប្រជាជាតិប្រកាសជាផ្លូវការ កំណត់យកថ្ងៃ ០៨ មីនាជាទិវាសិទ្ធនារីអន្តរជាតិ ក្នុងឆ្នាំ ១៩៧៧ ខណៈចិន រុស្ស៊ី និងប្រទេសមួយចំនួន​ក៏ចាត់ទុក​ថ្ងៃ ០៨ មីនានេះ ជាថ្ងៃឈប់សម្រាកផងដែរ៕