ដឹងកាលបរិច្ឆេទច្បាស់លាស់ នៃដំណើរទស្សនកិច្ចប្រធានាធិបតីចិនទៅរុស្ស៊ី

អន្តរជាតិ

នាថ្ងៃទី ១៧ មីនានេះ វិមានក្រឹមឡាំងបានបង្ហើបឲ្យដឹងថា ប្រធានាធិបតីចិន ស៊ី ជិនពីង នឹងធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីនាសប្ដាហ៍ក្រោយ ខណៈដំណើរទស្សនកិច្ចរបស់​ថ្នាក់ដឹកនាំ​ចិន​គឺ​ចន្លោះថ្ងៃទី ២០-២២ មីនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“នៅពេលដែលថ្នាក់ដឹកនាំជួបគ្នា ពួកគេនឹងជជែកពីការអភិវឌ្ឍបន្ថែមទៀត​នៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងរុស្ស៊ី និងចិន ហើយក៏នឹងមានចុះហត្ថលេខាលើឯកសារទ្វេភាគីសំខាន់ៗជាច្រើនថែមទៀត”។ នេះបើ​តាមការ​បញ្ជាក់ពី​វិមានក្រឹមឡាំង។

គួររំលឹកដែរថា ចិន និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូគ្មានដែនកំណត់ កាលពីខែកុម្ភៈ ២០២២ អំឡុងពេលប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ធ្វើទស្សនកិច្ចទៅកាន់​ប្រទេសចិន ដើម្បីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងារ ពោលគឺមុនរុស្ស៊ីវាយប្រហារអ៊ុយក្រែន​ប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។

ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានបន្តបង្ហាញ​នូវភាពរឹងមាំនៃទំនាក់ទំនងរបស់ពួកគេ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងចាប់តាំងពីរុស្ស៊ីបើកការវាយលុកលើ​អ៊ុយក្រែន ហើយចិនគឺជាម៉ូយដុំប្រេងដ៏ធំបំផុតរបស់រុស្ស៊ី ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ទីក្រុងម៉ូស្គូ៕