ជប៉ុន គ្រោងបញ្ចេញថវិកាជាង ១៥ពាន់លានដុល្លារបន្ថែម ដើម្បីទប់ទល់ការកើនឡើងអតិផរណា

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងធ្វើការបែងចែកថវិកាជំនួយលើសពី ២ទ្រីលានយ៉េន (១៥,១ពាន់លានដុល្លារ) បន្ថែមទៀត ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ ដោយសារតែកើនឡើងអតិរណាខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញថវិកា ដែលគ្រោងចំណាយនេះ គឺនឹងត្រូវយកចេញពីមូលនិធិបម្រុង ដែលបានកំណត់ចេញរួចរាល់ហើយ សម្រាប់ឆ្នាំសារពើពន្ធ ដែលនឹងត្រូវបញ្ចាប់ នៅក្នុងខែនេះ ខណ:រដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Shigeyuki Goto បានប្រាប់អ្នកយកព័ត៌មានថា វិធានការថ្មីនេះ នឹងផ្តោតសំខាន់ ក្នុងការផ្តល់ជំនួយជាទឹកប្រាក់សម្រាប់គ្រួសារ ដែលមានប្រាក់ចំណូលទាប និងការឧបត្ថម្ភធន ដើម្បីទប់ស្កាត់វិក្កយបត្រអគ្គិសនី ផងដែរ ។

លើសពីនេះ បើតាមលោក Goto បាននិយាយទៀតថា វិធានការដែលរដ្ឋាភិបាលបានគ្រោងទុកនេះ នឹងត្រូវបែកចែកថវិកាចំនួន ៧០០ពាន់លានយ៉េន ដើម្បីធ្វើការឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃថាមពល ខណ:ទឹកប្រាក់ចំនួន ៥០០ពាន់លានយ៉េនផ្សេងទៀត នឹងត្រូវប្រើប្រាស់ សម្រាប់ផ្គត់ផ្គង់គ្រួសារ ដែលមានប្រាក់ចំណូលទាប។ ហើយក៏នៅមានការចំណាយផ្សេងៗទៀត ដែលធ្វើឱ្យទឹកប្រាក់ជំនួយសរុប អាចមានរហូតដល់ទៅជាង ២ទ្រីលានយ៉េន ។​

ជម្រាបជូនផងដែរថា អតិផរណាស្នូសរបស់ប្រទេសជប៉ុន បានកើនឡើងដល់ ៤,២% នៅក្នុងខែមករា ដែលជាកម្រិតខ្ពស់បំផុត មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ១៩៨១ មក ដោយសារតែការកើនឡើងខ្ពស់នៃតម្លៃអាហារ និងថាមពល ៕