អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច នាំយកថវិកាចំនួន ៧០ម៉ឺនដុល្លារ ប្រគល់ជូនកាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ហ្គាឡាក់សុី ណាវ៉ាត្រា គ្រុប រួមមាន៖ លោកឧកញ៉ា ឡេង ប្រុស, លោកឧកញ៉ា ឡេង និមល, លោកឧកញ៉ា សំ បូទុម្ភ និង ឯកឧត្ដម ជា លីសែ ជំនួយការផ្ទាល់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកថវិកាចំនួន ៧០ម៉ឺនដុល្លារអាមេរិក ឧបត្ថម្ភជូនដល់ ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា តាមរយៈលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញឹកកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមចំណែក ឧត្ថម្ភជាថវិកាជូនកាកបាទក្រហមកម្ពុជា របស់ក្រុមហ៊ុន ហ្គាឡាក់សុី ណាវ៉ាត្រា គឺដើម្បីរួមចំណែកក្នុងបេសកកម្ម គាំទ្រសមាគមជាតិឱ្យមានធនធានថវិកា ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជា នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយអ្នកឧកញ៉ាផ្ទាល់ តំណាងឱ្យក្រុមគ្រួសារ ក្រុមហ៊ុន ហ្គាឡាក់សុី ណាវ៉ាត្រា គ្រុប ក៏តែងតែចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀតផ្សេងទៀតមិនដែលខាន។  

ជាក់ស្ដែង កាលពីឆ្នាំ ២០២២ កន្លងទៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារទាំងមូល បានចូលរួម ឧបត្ថម្ភថវិកាចំនួន ២.០០០.០០០ដុល្លារ (ពីរលានដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២។  

ទំនួលខុសត្រូវសង្គម និងសកម្មភាពរួមចំណែក ជួយដល់ផលប្រយោជន៍សង្គម-សហគមន៍ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព ត្រូវបានដៅជាគុណតម្លៃដ៏សំខាន់មិនអាចខ្វះបាន របស់ក្រុមហ៊ុន ហ្គាឡាក់សុី ណាវ៉ាត្រា គ្រុប ដែលថ្នាក់ដឹកនាំក្រុមហ៊ុនគ្រប់ជាន់ថ្នាក់តែងផ្តល់អាទិភាព និងការយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាបន្តបន្ទាប់ ក្រុមហ៊ុន ក៏បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជាលើសកម្មភាពមនុស្សធម៌ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងសាលារៀន ការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសកម្មភាពជាប្រយោជន៍សង្គមដទៃទៀតជាច្រើន។  

ក្រៅតែពីវិសាលភាពប្រតិបត្តិការធុរកិច្ចដ៏ធំ និងជោគជ័យរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវាត្រា ក្រោមការដឹកនាំដោយផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រុមហ៊ុន ក៏តែងតែ បានចូលរួម បរិច្ចាគរួមចំណែកជូនរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ ក្រុមហ៊ុន បានចូលរួមលើការអភិវឌ្ឍនានាជាមួយរដ្ឋាភិបាល ចំនួនប្រមាណ ១៣,១លានដុល្លារអាមេរិក, បរិច្ចាគក្នុងការកសាងផ្លូវថ្នល់ចំ​នួនប្រមាណ ៦,១៧លានដុល្លារអាមeរិក, បរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងបេសកកម្មមនុស្សធម៌ ចំនួនប្រមាណ ៤,៣៥លានដុល្លារអាម៉េរិក (គិតត្រឹមឆ្នាំ២០២៣នេះ), បរិច្ចាគរួមចំណែកជួយដល់វិស័យសុខាភិបាល ចំនួនប្រមាណ ៣៨ម៉ឺនដុល្លារអាម៉េរិក និងចូលរួមឧបត្ថម្ភដល់មូលនិធិតេជោ ១២៥ ចំនួន ៥០ម៉ឺនដុល្លារអាមេរិក។ 

គិតជារួម តួលេខត្រឹម ត្រីមាសទី១ ឆ្នាំ២០២៣នេះ បេះដូងសប្បុរសធម៌ នៃការបរិច្ចាគទឹកប្រាក់ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ និងសកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន ហ្គាឡាក់សុី ណាវ៉ាត្រា មានទំហំសរុបដល់ទៅជាង ២៤,៥ លានដុល្លារអាមេរិក។ តួលេខនេះគូសបញ្ជាក់យ៉ាងច្បាស់ នូវឆន្ទៈដ៏មោះមុតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងថ្នាក់ដឹកនាំក្រុមហ៊ុន ចំពោះការអនុវត្តធុរកិច្ចប្រកបដោយទំនួលខុសត្រូវសង្គមខ្ពស់ តាមរយៈការយកចិត្តទុកដាក់ដល់ប្រយោជន៍សង្គម និងសេដ្ឋកិច្ច ជូនដល់សហគមន៍ និងប្រជាពលរដ្ឋកម្ពុជា៕