អ្នកឧកញ៉ា លាង ម៉េង បង្កើតប្រវត្តិសាស្ត្រក្នុងប្រវត្តិសាស្ត្រ ឧបត្ថម្ភធំផ្ដាច់មុខ មហាព្រឹត្តិការណ៍ “WURKZ សេនាគុនខ្មែរពិភពលោក”

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ម្សិលមិញនេះ បានរៀបចំសន្និសីទកាសែត “WURKZ សេនាគុនខ្មែរពិភពលោក” នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត និងមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ សហព័ន្ធគុនខ្មែរ, ថ្នាក់ដឹកនាំទូរទស្សន៍ Town Full HDTV, ជាពិសេសកំពូលកីឡាករប្រដាល់ ព្រំ សំណាង, ស្តេចប្រដាល់ ដាវ លីឌុច និងកំពូលកីឡាករប្រដាល់ជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងជាម្ចាស់ឧបត្ថម្ភធំផ្ដាច់មុខតែមួយគត់ក្នុងមហាព្រឹត្តិការណ៍ “WURKZ សេនាគុនខ្មែរពិភពលោក” ដ៏កក្រើកក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា៖ ខ្ញុំពិតជាមានមោទនភាព និងអារម្មណ៍រំភើបបំផុត ដែលបានរួមចំណែកបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៅលើមាតុភូមិរបស់យើង។ អ្នកឧកញ៉ា បានបន្ថែមទៀតថា ការរៀបចំមហាព្រឹត្តិការណ៍ “WURKZ សេនាគុនខ្មែរពិភពលោក” នេះឡើង ក្នុងគោលបំណងចម្បងធំៗ ចំនួន៣ គឺ៖

ទី១ លើកតម្កើងគុនខ្មែរ របស់បុព្វបុរសដូនតាខ្មែរយើង ឱ្យកាន់តែលេចធ្លោលើពិភពលោក តាមរយៈសង្វៀន ៨ទិសដ៏មានអំណាចរបស់ភេសជ្ជៈប៉ូវកម្លាំង វើក។

ទី២ តាមរយៈមហាព្រឹត្តិការណ៍ “WURKZ សេនាគុនខ្មែរពិភពលោក” នេះ នឹងទាក់ទាញចំណាប់អារម្មណ៍ឱ្យភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត ងាកមកចាប់អារម្មណ៍ចង់មកទេសចរណ៍កម្សាន្តនៅប្រទេសកម្ពុជាយើងកាន់តែច្រើន ដើម្បីជំរុញកំណើនភ្ញៀវទេសចរកម្ពុជាឱ្យបានកាន់តែច្រើន

ទី៣ ក្នុងនាមក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលវិនិយោគដោយសហគ្រិនខ្មែរ និងឈរជើងអស់រយៈពេលជាង ១៤ឆ្នាំ មកហើយនៅកម្ពុជា យើងចង់ឱ្យបរទេសមើលឃើញច្បាស់ថា ម៉ាកយីហោ ខ្មែរ ប៊ែវើរីជីស ជានិមិត្តសញ្ញាអាជីវកម្មខ្មែរ ដាក់ឈ្មោះជា “ភាសាខ្មែរ” និងខិតខំតស៊ូជានិច្ចដើម្បី លើកមុខមាត់ម៉ាកយីហោរបស់ខ្មែរមួយនេះ ទៅកាន់ពិភពលោក។

អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍បន្ថែមថា ជាលទ្ធផល តាមរយៈការប្ដេជ្ញាចិត្តខ្ពស់ និងប្រឹងប្រែងកន្លងមក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានពានរង្វាន់ជាច្រើនពីអន្តរជាតិ ដូចជា៖ ពានរង្វាន់គ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក(World Class Operation Manangement), ISO ធំៗចំនួនពីរ បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និងបរិស្ថាន ជាពិសេសនោះ គឺមេដាយមាសច្រើនជាងគេបំផុតនៅកម្ពុជា ចំនួន ៣៣គ្រឿងពី Monde Selection ។

គួរបញ្ជាក់ថា គូរប្រកួតប្រដាល់ដ៏ជក់ចិត្ត និងជាទីចាប់អារម្មណ៍របស់មហាជនជាតិ និងអន្តរជាតិ រវាងកំពូលកីឡាករប្រដាល់ ព្រំ សំណាង នាជាមួយស្ដេចប្រដាល់ ដាវ លីឌុច និងកីឡាករជាតិ និងអន្តរជាតិជាច្រើនគូផ្សេងទៀត លើសង្វៀន ៨ទិស ក្នុងព្រឹត្តិការណ៍ “WURKZ សេនាគុនខ្មែរពិភពលោក” នឹងប្រព្រឹត្តទៅ ចាប់ពីវេលាម៉ោង ៧យប់តទៅ ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងមហាព្រឹត្តិការតន្រ្តីដ៏ធំសម្បើម នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល៕