អ្នកឧកញ៉ា ពុង ឃាវសែ៖ ការចាប់ដៃជាមួយសាកលវិទ្យាល័យចិន នឹងធ្វើឱ្យកូនខ្មែរកាន់តែមានជំនាញបច្ចេកទេសកម្រិតខ្ពស់

ជុំវិញ​ឧកញ៉ា

ជំនាញបច្ចេកទេសច្បាស់លាស់ ក្នុងការធ្វើការងារកម្ពុជាកំពុងតែមានតម្រូវការ ហើយកូនខ្មែរបច្ចុប្បន្នពូកែនិងមានជំនាញបច្ចេកទេសច្បាស់លាស់ អាចធ្វើការសាងសង់សម្រេចបានសមិទ្ធផលធំៗជាច្រើន ដូចជាស្ពានព្រះមុនីវង្ស និងស្ពានកោះពេជ្រ-កោះនរា ដែលសុទ្ធតែសាងសង់ឡើងដោយស្នាដៃកូនខ្មែរ ក្រោយឆ្លងកាត់ការសិក្សាសូត្រមួយចំនួនពីប្រទេសចិន។ ការណ៍នេះ អ្នកឧកញ៉ា ពុង ឃាវសែ យល់ឃើញថា ការចាប់ដៃសហការគ្នាជាមួយសាកលវិទ្យាល័យចិន នឹងធ្វើឱ្យកូនខ្មែរកាន់តែមានជំនាញបច្ចេកទេសកម្រិតខ្ពស់បន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតជាច្រើន ក្នុងកម្មវិធីសម្ពោធជាផ្លូវការនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ( Cam Tech) នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងថា សាកលវិទ្យាល័យ Cam Tech មានមុខវិជ្ជាសិក្សាចំនួន៥ ដែលផ្ដោតសំខាន់លើការជំរុញជំនាញបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ដោយបច្ចុប្បន្នមានកូនសិស្សកំពុងសិក្សារៀនសូត្រចំនួន១៣០នាក់ ហើយក្នុងឆ្នាំ២០២៤ ខាងមុខ នឹងកើនឡើងដល់២៦០នាក់។

អ្នកឧកញ៉ា ជឿជាក់ថា ក្រោយសហការជាមួយសាកលវិទ្យាល័យ អាស៊ីតិច និងវិជ្ជាជីវៈណានជីង សង្ឃឹមកូនសិស្សកម្ពុជានឹងមានសមត្ថភាពកើនខ្ពស់លើសសព្វថ្ងៃ ពីព្រោះមានជំនួយបច្ចេកទេស សម្ភារៈបរិក្ខារ ព្រមទាំងធនធានគ្រូបង្រៀនពីចិន។

អ្នកឧកញ៉ា បន្តថា បច្ចុប្បន្នកូនខ្មែរទៅរៀនបច្ចេកទេសនៅចិនមានចំនួនច្រើន នឹងមានចំណេះជំនាញច្បាស់លាស់ អាចសាងសង់ ស្ពានព្រះមុនីវង្ស និងស្ពានកោះពេជ្រ-កោះនរា បានរឹងមាំនិងមានគុណភាពខ្ពស់។ «ខ្ញុំមានសុទិដ្ឋនិយមខ្ពស់ចំពោះកូនខ្មែរ ពីព្រោះកូនខ្មែរចូលចិត្តរៀន ឧស្សាហ៍ព្យាយាមក្នុងការសិក្សារៀនសូត្រ ជាពិសេសគឺបច្ចេកទេស ពីព្រោះងាយស្រួលក្នុងការរកការងារធ្វើនិងបានប្រាក់ខែខ្ពស់។ កត្ដាធនធានគ្រូបង្រៀនជារឿងសំខាន់ណាស់ ប្រសិនបើរដ្ឋាភិបាលយកចិត្តទុកដាក់លើរឿងនេះ គ្រូល្អៗ​​នឹងមកពីចិនជួយបង្ហាត់កូនខ្មែរ ដោយយើងមិនចាំបាច់ចំណាយថវិការច្រើននោះទេ»។  អ្នកឧកញ៉ា ពុង ឃាវសែ បញ្ជាក់បន្ថែម។

សូមជម្រាបជូនថា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ជាសាកលវិទ្យាល័យដែលបើករួមគ្នារវាង សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជានិងសាកលវិទ្យាល័យណានជីងនៃប្រទេសចិន បច្ចុប្បន្នមាន២សាខាហើយ ដោយសាខាទី១ជ្រោយចង្វារ និងសាខាទី២នៅផ្សារទំនើបអូឡាំព្យា។ សាកលវិទ្យាល័យនេះ ផ្ដោតលើការអប់រំជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងភាសាចិន៕

អត្ថបទ៖ សុកធា