ឧកញ៉ា យឹម តាស្រង់ បង្ហាញផែនការ៥យ៉ាង នៅឆ្នាំថ្មី ដើម្បីទទួលបានសុខភាពល្អនិងជោគជ័យការងារ

ជុំវិញ​ឧកញ៉ា

នៅដើមសប្ដាហ៍ នៃឆ្នាំ២០២៤នេះ ឧកញ៉ា យឹម តាស្រង់ បានបង្ហាញផែនការរបស់ខ្លួន៥យ៉ាង សម្រាប់អនុវត្ត ដើម្បីទទួលបានសុខភាពល្អ ក៏ដូចជាជោគជ័យនៅក្នុងជីវិតការងារ។ នេះបើតាមការលើកឡើងរបស់លោកឧកញ៉ានៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 បានបង្ហាញឱ្យដឹងថា ផែនការចម្បងដែលលោកនឹង អនុវត្តក្នុងឆ្នាំ២០២៤ មានដូចជា ទី១ គេងឱ្យបានច្រើនជាងមុន។ លោកថាកាលពីឆ្នាំ២០២៣ ការចូលគេងយប់ជ្រៅ និងមិនសូវយកចិត្តទុកដាក់លើការគេងរបស់លោក ជួនកាលគេងម៉ោង៧ព្រឹក ជួនគេងម៉ោង ១២ថ្ងៃ ត្រង់ ហើយមានពេលខ្លះទៀតរហូតដល់ម៉ោង៧ល្ងាចទើបគេង ហេតុនេះធ្វើឱ្យលោកគេងមិនបានស្កប់។ ទី២ ហាត់ប្រាណឱ្យបានទៀងទាត់។ ទី៣ ជ្រើសរើសអាហារសម្រាប់បរិភោគឱ្យមានគុណភាពជាងមុន។ ទី៤ ដើរ កម្សាន្តនិងរីករាយឱ្យបានច្រើនជាងមុន។ ត្រង់ផែនការទី៤នេះ លោកឧកញ៉ា ធ្លាប់បានបង្ហើបឱ្យដឹងកាលពីពេលកន្លងទៅថា លោកនឹងនាំភរិយាទៅលេងនៅអឺរ៉ុបរាប់សិបប្រទេស ជារៀងរាល់បីខែម្ដង។ ចំណែកឯ ផែនការទី៥ គឺមិនជំពាក់ធនាគារ។ លោកបន្ថែមថា នៅពេលដែលជំពាក់ធនាគារ គឺមានបញ្ហាផ្លូវអារម្មណ៍ គេងមិនលក់ បក់មិនរហើយ ហូបបាយក៏មិនឆ្ញាញ់នោះទេ។

លោកឧកញ៉ាបញ្ជាក់ថា មូលហេតុដែលដាក់ផែនការទាំង៥ខាងលើនេះ ព្រោះក្នុងអំឡុងឆ្នាំ២០២៣ លោកមានបញ្ហាសុខភាពច្រើន ដូចនេះក្នុងឆ្នាំ២០២៤ នឹងចាត់ទុកសុខភាពជាចំណុចចម្បងនៅក្នុងជីវិត ធំជាងអ្វីៗ ទាំងអស់។ ដោយឡែកសម្រាប់ផែនការផ្សេងៗទៀតលើការងារ លោកឧកញ៉ាបានដាក់ផែនការរួចស្រេចតាំងពីឆ្នាំ២០២២ ដោយអនុវត្តក្នុងឆ្នាំ២០២៣មិនទាន់អស់ ដូចនេះ រក្សាផែនការ ២០២៣ ឱ្យគង់វង្សនិងបន្ថែមតិចតួចមួយចំនួនទៀតសម្រាប់ឆ្នាំ២០២៤៕

អត្ថបទ៖ សុកធា