សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្ដដល់ក្រុមហ៊ុនរបស់ឧកញ៉ា គង់ នួន ផលិតរថយន្ដសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅកម្ពុជាផង និងនាំចេញទៅក្រៅប្រទេសផង

ជុំវិញ​ឧកញ៉ា


ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) និងលោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញភាពសប្បាយរីករាយព្រមទាំងបានបញ្ជាក់ថា នេះជាលើកទី១ ដែលសម្ដេចបានទទួលគណៈប្រតិភូក្រុមហ៊ុនបរទេស នៅវិមានព្រឹទ្ធសភា។ សម្ដេចក៏បានប្រាប់ទៅគណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប (Toyota Tsusho Corporation) ផងដែរថា ការបើកសម្ពោធក្រុមហ៊ុន Toyota នៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា គឺជាសមិទ្ធផលមួយដែលកម្ពុជាទទួលបាន បន្ទាប់ពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំពីជំនាន់ចាស់ទៅថ្នាក់ជំនាន់ថ្មីដែលបានប្រព្រឹត្តទៅត្រឹមត្រូវ ហើយមិនមានចលាចល ឬការប្រែប្រួល ផ្ទុយទៅវិញគឺមានដំណើរការអភិវឌ្ឍស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចនៅដំណើរការល្អប្រសើរ។

ឧកញ៉ា គង់ នួន បានជម្រាបជូនសម្ដេចតេជោថា ការសម្ពោធរោងចក្រឲ្យដំណើរការដំឡើងរថយន្តនេះ គឺជាមោទនភាពមួយទៀតសម្រាប់កម្ពុជា ពីព្រោះ ឡានផលិតនៅកម្ពុជានេះ គឺនឹងដាក់លេខកូដនៅលើស៉ាក់ស៊ីបញ្ជាក់ថា «ផលិតនៅកម្ពុជា»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីភាពល្បីល្បាយរបស់ក្រុមហ៊ុន តូយ៉ូតា និងការគាំទ្ររបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ដែលកាលពីសម្ដេចចូលមកដល់ភ្នំពេញដំបូង គឺអត់ឃើញមានសេសសល់រថយន្ត Toyota នោះទេ ដោយវត្ដមានរថយន្ត Toyota ដំបូងនៅកម្ពុជាដែលរាជរដ្ឋាភិបាលបញញ្ជាទិញ មានចំនួន១២គ្រឿងប៉ុណ្ណោះ ដើម្បីទុកទទួលភ្ញៀវបរទេសដែលមកចូលរួមរំលឹកខួបដប់ឆ្នាំនៃការរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម។
សម្ដេចតេជោសូមឱ្យអ្នកវិនិយោគក្រុមហ៊ុនបរទេស មើលឃើញថា កម្ពុជាគឺមានស្ថិរភាពយូរអង្វែងតទៅទៀត ដោយសារថាគណបក្សប្រជាជននៅតែបន្តដឹកនាំកម្ពុជា កម្ពុជានៅតែបន្តមានសន្តិភាពទៅមុខទៀត ដើម្បីឱ្យអ្នកវិនិយោគជឿជាក់លើកម្ពុជា ដែលប្រទេសមួយចំនួនក្នុងតំបន់មិនមាន ហើយអ្នកវិនិយោគគួរមកវិនិយោគនៅកម្ពុជា។

ទន្ទឹមនឹងនោះ សម្ដេចតេជោក៏បានលើកទឹកចិត្ដដល់ក្រុមហ៊ុន តូយ៉ូតាដែលបានបើករោងចក្រថ្មីៗនេះ គួរផលិតរថយន្ដសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជាផង និងសម្រាប់នាំចេញទៅផ្គត់ផ្គង់ទីផ្សារខាងក្រៅប្រទេសផង។

ជាការឆ្លើយតប លោក ICHIRO KASHITANI បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ដ៏មានអត្ថន័យរបស់សម្ដេចតេជោ និងបានមានប្រសាសន៍ថា បើពិភពលោកនេះមានអ្នកដែលមានគំនិតដូចសម្ដេចតេជោ ប្រទេសនានានឹងមានសុខសន្តិភាពដូចកម្ពុជា។

ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន តូយ៉ូតា ក៏បានប្ដេជ្ញានឹងចូលរួមយ៉ាងសកម្មអនុវត្តតាមអនុសាសន៍របស់ប្រមុខដឹកនាំកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើនការផលិត និងផ្ដល់ការហ្វឹកហ្វឺនជំនាញរថយន្តដល់ប្រជាជនកម្ពុជា៕