អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្ហាញពីការអបអរសាទរដល់សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា (Southbridge International School Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់ គ្រុប ក្នុងឱកាសគម្រប់ខួប៨ឆ្នាំ។

អ្នកឧកញ៉ា គិត ម៉េង បានឱ្យដឹងលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤ ខែមេសានេះថា ចាប់តាំងពីត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ដោយមានការចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា គឺជាមូលដ្ឋានគ្រឹះនៃការអប់រំប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា។
កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបមិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន ម៉ាណា ដើម្បីបង្កើតសាខាថ្មីរបស់សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា នៅទីក្រុងអ័រគីដេ បូតានិច ស៊ីធី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់ជ្រោយចង្វារ និងតំបន់ជុំវិញនោះ។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា ក្នុងរយៈពេលប្រាំ៨ឆ្នាំនេះ សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជាបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពជឿជាក់របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លើការអប់រំតាមរយៈការផ្តល់ដំណោះស្រាយចំពោះភាពក្រីក្រ បញ្ហាសង្គម និងបញ្ហាប្រឈមជាសកល។ លើសពីការបណ្តាក់ទុនក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងអចលនៈទ្រព្យ ការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់របស់រ៉ូយ៉ាល់ គ្រុប ចំពោះការអប់រំ គូសបញ្ជាក់ពីការជឿជាក់ថាចំណេះដឹង ចរិតលក្ខណៈ និងបញ្ញាគឺជាមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏ភ្លឺស្វាង។ អបអរសាទរដល់សាលាចំពោះការអប់រំ ការសម្រួចគំនិត ការជំរុញការអភិវឌ្ឍ និងការកសាងអនាគតមួយដ៏ត្រចះត្រចង់៕





