អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ព្រមទាំងបុត្រា បុត្រី និងសហការី កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូសូធ្យស្តាំ វត្តនិគ្រោធវ័ន គល់ទទឹង និមន្តទស្សនា ការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រលើខ្នងភ្នំបូកគោ និងទីតាំងសាងសង់វត្តព្រះអង្គធំភ្នំបូកគោ។

ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រលើខ្នងភ្នំបូកគោ ខេត្តកំពត បច្ចុប្បន្នកំពុងមានវឌ្ឍនភាពនៃការសាងសង់គួរឱ្យកត់សម្គាល់ ខណៈដែលសប្បុរសជនតែងតែចូលរួមបរិច្ចាគជាបច្ច័យជាហូរហែបន្តបន្ទាប់ ដើម្បីឆាប់បញ្ចប់ការសាងសង់ជាស្ថាពរ នាពេលអនាគតដ៏ខ្លី។ ជាក់ស្តែង កន្លងមកអ្នកឧកញ៉ា សុខ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏បានរៀបចំពិធីបុណ្យមហាផ្កាប្រាក់សាមគ្គីជាច្រើនលើកផងដែរ ដើម្បីប្រមូលបច្ច័យនិងទទួលបច្ច័យពីពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ក្នុងការរួមចំណែកកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខា អូតែល បាននឹងកំពុងដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃនៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះ នឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារហូតតរៀងទៅ៕









